ភ្នំពេញ៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបង្ក្រាបទីតាំងសង្ស័យឆរបោកតាមបច្ចេកវិទ្យា(Online scam) ក្រោមរូបភាពទាក់ទាញអតិថិជនឱ្យលេងល្បែងអនឡាញ ចំនួន២ទីតាំង រួមមាន ខណ្ឌសែនសុខ ចំនួន១ទីតាំង និងខណ្ឌឫស្សីកែវ ចំនួន១ទីតាំង ដោយឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង ចំនួន១០នាក់។
ជនជាតិកូរ៉េខាងត្បូងទាំង១០នាក់នេះ មានចំនួន៥នាក់ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅបុរីវិមានភ្នំពេញ ភូមិ៤ សង្កាត់ ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ, និងកាលពីថ្ងៃទី២ ខែមីនា ចំនួន៥នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួន នៅបុរីពិភពថ្មី ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលពួកគេ គឺជាក្រុមតែមួយ។
ការបង្ក្រាបទាំងពីរករណីនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ថវិកាចំនួន ១៩,៧០០ ដុល្លារអាម៉េរិក, ធុង CPU ចំនួន៨គ្រឿង, ម៉ូនីទ័រ ចំនួន១៨គ្រឿង, កំព្យូទ័រ Latop ចំនួន៣គ្រឿង, ទូរសព្ទដៃ ចំនួន៤គ្រឿង និងលិខិតឆ្លងដែន ចំនួន៦ច្បាប់។ ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងក្រោមការបញ្ជារបស់ លោក ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កងរាជអាវុធហត្ថ និងអាជ្ញាធរខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ ព្រមទាំងមានការសម្របសម្រួលនីតិវិធី ដោយតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។
ក្នុងចំណោមជនសង្ស័យទាំង១០នាក់នោះ មានឈ្មោះ Kim Changhan ជាមេខ្លោង ហើយមានដីកាចាប់ខ្លួនពីបទប្រតិបត្តិវេបសាយល្បែងស៊ីសងខុសច្បាប់ ត្រូវបាន ស្ថានកុងសុល និងអនុព័ន្ធប៉ូលីសកូរ៉េខាងត្បូង ស្នើសុំមកអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ក្នុងការបញ្ជូនជនសង្ស័យទាំងនេះចេញពីប្រទេសកម្ពុជា ដើម្បីបន្តនីតិវិធីផ្លូវច្បាប់ នៅប្រទេសដើមរបស់ពួកគេវិញ៕