ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអញ្ជើញជាអធិបតីក្នុងពិធីបាញ់សាកល្បង «មីស៊ីលគ្រូសយុទ្ធសាស្ត្រ» ចេញពីនាវាបំផ្លាញ (Destroyer) ធុន ៥,០០០ តោន ប្រភេទថ្មីដែលមានឈ្មោះថា Choe Hyon។ ក្នុងដំណើរទស្សនកិច្ចនៅសហគ្រាសផលិតនាវា Nampo កាលពីថ្ងៃពុធកន្លងទៅ លោកបានកោតសរសើរថា នាវាចម្បាំងប្រភេទថ្មីនេះ គឺជា «និមិត្តរូបថ្មីនៃវិស័យការពារដែនសមុទ្រ» និងបានបញ្ជាក់ថា កងទ័ពជើងទឹករបស់លោកកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ក្នុងការបំពាក់អាវុធនុយក្លេអ៊ែរ ដើម្បីពង្រឹងអធិបតេយ្យភាពដែនទឹក ដែលខ្លួនមិនធ្លាប់សម្រេចបានក្នុងរយៈពេលកន្លះសតវត្សរ៍មកនេះ។ នេះបើតាមសារព័ត៌មាន Al Jazeera។
ទោះជាយ៉ាងណា កម្មវិធីទំនើបកម្មកងទ័ពជើងទឹកនេះ ក៏ធ្លាប់ជួបប្រទះនូវឧបទ្ទវហេតុដ៏អាម៉ាស់មួយកាលពីខែឧសភា ឆ្នាំ ២០២៥ ផងដែរ នៅពេលដែលនាវាប្រភេទដូចគ្នានេះមួយគ្រឿងទៀត បានក្រឡាប់ក្នុងអំឡុងពេលធ្វើពិធីបង្ហួសនាវាចុះទឹក ដែលកាលនោះលោក គីម បានស្តីបន្ទោសយ៉ាងធ្ងន់ធ្ងរថាជា «ទង្វើឧក្រិដ្ឋកម្ម» បង្កឡើងដោយភាពខ្ជីខ្ជា។
ការបង្ហាញសាច់ដុំយោធានាពេលនេះ កើតឡើងស្របពេលដែលលោក គីម កំពុងសន្យាលើកកម្ពស់ជីវភាពប្រជាជនដែលកំពុងជួបការលំបាក ប៉ុន្តែលោកនៅតែបន្តផ្តល់អាទិភាពខ្ពស់បំផុតលើការអភិវឌ្ឍអាវុធ ដើម្បីទប់ទល់នឹងសម្ពាធពីសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង។