ភ្នំពេញ៖ក្រុមអ្នកវិនិយោគជប៉ុន បានប្រាប់ពីបំណងរបស់ខ្លួនក្នុងការ បង្កើតរោងចក្រ«ផលិតគ្រឿងបង្គុំ»រថយន្តប្រើប្រាស់ថាមពលប្រេង នៅកម្ពុជា។នេះបើយោងតាមលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។លោកចាន់ថុល បានប្រកាសស្វាគមន៍វិនិយោគិនជប៉ុន ១០០% លើការបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តប្រើប្រាស់ថាមពលប្រេង នៅកម្ពុជា។ការអះអាងនេះ ធ្វើឡើងក្នុងពេលលោកធ្វើបទសម្ភាសន៍ ក្នុងកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន-កម្ពុជា ឆ្នាំ២០២៦។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា មានវិនិយោគិនជប៉ុន មានបំណងក្នុងការបង្កើតរោងចក្រផលិតគ្រឿងបង្គុំសម្រាប់រថយន្តប្រើប្រាស់ថាមពលប្រេង(Internal Combustion Engine)នៅកម្ពុជា ដើម្បីបង្កើតជាផលិតផលសម្រេចលក់ទៅកាន់ទីផ្សារអន្តរជាតិ។លោកថា កម្ពុជា ស្វាគមន៍១០០%លើការបង្កើតរោងចក្រនានានៅកម្ពុជា ជាពិសេសរោងចក្រផលិតគ្រឿងបង្គុំនេះ ខណៈកម្ពុជា មានឆន្ទៈចង់ឱ្យមានរោងចក្រដែលទាក់ទងទៅនឹងការផលិតគ្រឿងអេឡិចត្រូនិច វិស័យយានយន្តនៅកម្ពុជា។
លោក ស៊ុន ចាន់ថុល ស្នើឱ្យវិនិយោគិនជប៉ុនមកពិភាក្សាជាមួយ CDC និង រៀបចំលើកទឹកចិត្តឱ្យដាក់ទុននៅកម្ពុជា ប្រែក្លាយកម្ពុជាទៅជាមជ្ឃមណ្ឌលផលិតគ្រឿងបង្គុំ សម្រាប់រថយន្តដែលប្រើប្រាស់ប្រេង។
ថ្លែងក្នុងវេទិកាធុរកិច្ចកម្ពុជា-ជប៉ុន ក្នុងប្រទេសជប៉ុន នៅឆ្នាំ២០២៥កន្លងទៅ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានថ្លែងចាត់ទុក ជប៉ុនជាប្រទេសដៃគូសំខាន់មិនអាចខ្វះបានក្នុងវិស័យធុរកិច្ច និង វិនិយោគ នៅកម្ពុជា និងថា ក្នុងរយៈពេលជាង ៧០ឆ្នាំកន្លងទៅនេះ កម្ពុជា និង ជប៉ុនបានរក្សាចំណងការទូតជិតស្និតរវាងគ្នា៕