681 ezgif.com resize
Swift cc time

អាម៉េរិកបាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់ បណ្តាលឱ្យនាវិកជាង៨០នាក់បាត់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

មជ្ឃឹមបូព៌ា៖ យោធាអាម៉េរិកបានបាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់ IRIS Dena នៅក្បែរឆ្នេរសមុទ្រប្រទេសស្រីលង្កា កាលពីល្ងាចថ្ងៃទី ៤ មីនា ដែលបណ្តាលឱ្យនាវិកយ៉ាងហោចណាស់ ៨០ នាក់បាត់បង់ជីវិត។ ប្រតិបត្តិការនេះ បានកើតឡើងស្របពេលដែលប្រព័ន្ធការពារអាកាសរបស់អង្គការណាតូ (NATO) បានបាញ់ទម្លាក់មីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់ដែលហោះសំដៅមកលើទឹកដីតួកគីដោយឆ្លងកាត់ប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដែលជាសញ្ញាបង្ហាញថាជម្លោះនេះកំពុងរីករាលដាលពាសពេញតំបន់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

រដ្ឋមន្រ្តីក្រសួងសង្រ្គាមអាម៉េរិក លោក Pete Hegseth បាននិយាយថា នាវាមុជទឹកអាម៉េរិកមួយគ្រឿងបានពន្លិចនាវាចម្បាំងអ៊ីរ៉ង់មួយគ្រឿងទៅក្នុងមហាសមុទ្រឥណ្ឌាបាន ហើយវាគឺជា «ការលិចនាវាសត្រូវលើកដំបូងដោយមីស៊ីល torpedo ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក»។

ក្នុងការបាញ់ធ្លោយមីស៊ីលអ៊ីរ៉ង់ដល់តួកគី ក្រសួងការពារជាតិតួកគីបានបញ្ជាក់ថា មីស៊ីលនេះត្រូវបានស្ទាក់ចាប់ និងកម្ទេចដោយអាវុធការពារអាកាសដែលពង្រាយនៅសមុទ្រមេឌីទែរ៉ាណេភាគខាងកើត។ មន្ត្រីតួកគីម្នាក់បានទម្លាយថា មីស៊ីលនោះដើមឡើយមានគោលដៅវាយប្រហារលើមូលដ្ឋានទ័ពមួយក្នុងប្រទេសស៊ីប (Cyprus) ប៉ុន្តែបានហោះខុសគន្លងសំដៅមកតួកគីវិញ។ បំណែកនៃមីស៊ីលស្ទាក់ចាប់បានធ្លាក់ក្នុងស្រុក Dortyol ភាគខាងត្បូងប្រទេសតួកគី ក្បែរព្រំដែនស៊ីរី ប៉ុន្តែមិនបណ្តាលឱ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ។

ក្រោយព្រឹត្តិការណ៍នេះ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio បានពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីតួកគី លោក Hakan Fidan ដោយសង្កត់ធ្ងន់ថា ការរំលោភលើអធិបតេយ្យភាពរបស់តួកគីគឺជារឿងដែល «មិនអាចទទួលយកបានឡើយ។

ទន្ទឹមនឹងនោះ តួកគីក៏បានកោះហៅឯកអគ្គរដ្ឋទូតអ៊ីរ៉ង់មកជួប ដើម្បីសម្តែងការតវ៉ា និងព្រមានទីក្រុងតេអេរ៉ង់ឱ្យជៀសវាងរាល់សកម្មភាពទាំងឡាយណាដែលនាំឱ្យសង្គ្រាមរីករាលដាលកាន់តែធំ។ លោក Hakan Fidan បានរិះគន់យុទ្ធសាស្ត្រវាយបករបស់អ៊ីរ៉ង់ថាជា «យុទ្ធសាស្ត្រខុសឆ្គង» ដែលកំពុងព្យាយាមអូសតំបន់ទាំងមូលឱ្យធ្លាក់ក្នុងគ្រោះថ្នាក់ជាមួយខ្លួន។

ទោះបីជាប្រធានាធិបតី Erdogan កន្លងមកធ្លាប់រិះគន់ថាការវាយប្រហាររបស់អាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ថាជាអំពើ «ខុសច្បាប់» ក៏ដោយ ប៉ុន្តែតួកគីបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងចាត់វិធានការសងសឹកដោយផ្ទាល់ ប្រសិនបើអ៊ីរ៉ង់នៅតែបន្តបាញ់មីស៊ីលសំដៅមកលើទឹកដីរបស់ខ្លួន។

Khcct banner

អត្ថបទទាក់ទង