កាតា៖ អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក Majed Al-Ansari បានបញ្ជាក់កាលពីថ្ងៃអង្គារនេះថា ហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏សំខាន់ចំនួនពីររបស់ខ្លួន ត្រូវបានបង្ខំឱ្យផ្អាកប្រតិបត្តិការជាបណ្ដោះអាសន្ន បន្ទាប់ពីរងការខូចខាតក្នុងអំឡុងពេលដែលអ៊ីរ៉ង់បានបើកការវាយប្រហារសំដៅលើមូលដ្ឋានទ័ពអាកាស Al Udeid ក្នុងទឹកដីកាតា។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនCCTV ក្រុមហ៊ុន QatarEnergy បានប្រកាសផ្អាកការផលិតហ្គាសធម្មជាតិរាវ (LNG) រួមទាំងផលិតផលកែច្នៃផ្សេងៗទៀត ដើម្បីវាយតម្លៃការខូចខាតបច្ចេកទេស និងធានាសុវត្ថិភាពបុគ្គលិក។ ការផ្អាកប្រតិបត្តិការភ្លាមៗនេះ បានធ្វើឱ្យតម្លៃហ្គាសនៅលើទីផ្សារថាមពលសកលស្ទុះឡើងយ៉ាងគំហុក ដែលបង្កជាក្ដីបារម្ភអំពីវិបត្តិថាមពលពិភពលោក ចំពេលជម្លោះនៅមជ្ឈិមបូព៌ាកំពុងរីករាលដាល។
ជាការឆ្លើយតប ភាគីកាតាបានបញ្ជាក់ថា ខ្លួនអាចគ្រប់គ្រងស្ថានភាពការខូចខាតបាន ហើយនៅតែបន្តប្រកាន់ខ្ជាប់នូវជំហរសន្តិវិធី និងការបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់តាមរយៈកិច្ចសន្ទនា។