681 ezgif.com resize
Swift cc time

«លោក ត្រាំ គំរាមកាត់ផ្ដាច់ពាណិជ្ជកម្មជាមួយអេស្ប៉ាញ ក្រោយហាមមិនឱ្យអាម៉េរិកប្រើមូលដ្ឋានទ័ពវាយប្រហារលើអ៊ីរ៉ង់»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃ៣មីនាក្នុងការិយាល័យ Oval Office នាឱកាសទទួលស្វាគមន៍អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ដោយបញ្ជាក់យ៉ាងដាច់អហង្ការថា លោកមិនចង់មានទំនាក់ទំនងអ្វីជាមួយអេស្ប៉ាញទៀតនោះទេ ហើយលោកនឹងកាត់ផ្ដាច់រាល់ទំនាក់ទំនងពាណិជ្ជកម្មទាំងអស់ជាមួយប្រទេសអេស្ប៉ាញ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងម៉ាឌ្រីតបានហាមឃាត់មិនឱ្យអាម៉េរិកប្រើប្រាស់មូលដ្ឋានទ័ពលើទឹកដីខ្លួន ដើម្បីបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។

ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ លោក Jose Manuel Albares បានសង្កត់ធ្ងន់ថា អេស្ប៉ាញរក្សាអធិបតេយ្យភាពពេញលេញលើមូលដ្ឋានទ័ពរបស់ខ្លួន ហើយនឹងមិនអនុញ្ញាតឱ្យមានការប្រើប្រាស់ណាមួយដែលផ្ទុយពីកិច្ចព្រមព្រៀង ឬធម្មនុញ្ញអង្គការសហប្រជាជាតិឡើយ។ លោកក៏បានចាត់ទុកការវាយប្រហារនាពេលថ្មីៗនេះរបស់អាម៉េរិកលើអ៊ីរ៉ង់ថាជា «សកម្មភាពឯកតោភាគី» ដែលនៅក្រៅក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរួម។

ទន្ទឹមនឹងនេះ លោក ត្រាំ ក៏បានរិះគន់ចក្រភពអង់គ្លេសចំៗផងដែរ ចំពោះកិច្ចព្រមព្រៀងផ្ទេរអធិបតេយ្យភាពប្រជុំកោះ Chagos ទៅឱ្យប្រទេសម៉ូរីស (Mauritius) ដែលលោកយល់ថាជាការសម្រេចចិត្តដ៏ល្ងង់ខ្លៅ និងបង្កផលវិបាកដល់ប្រតិបត្តិការយោធានៅមូលដ្ឋានរួម Diego Garcia។

ជាចុងក្រោយ លោក ត្រាំ ក៏បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ដោយលោកបានរិះគន់ថា លោក Starmer គ្មានស្មារតីជាមេដឹកនាំដូចលោក Winston Churchill នោះឡើយ។ ការលើកឡើងបែបនេះ បន្ទាប់ពីកងទ័ពអាម៉េរិកត្រូវចំណាយពេលរហូតដល់ទៅ ៣-៤ ថ្ងៃ ដើម្បីដោះស្រាយបញ្ហាបច្ចេកទេសក្នុងការចុះចតយន្តហោះនៅមូលដ្ឋានយោធា Diego Garcia ដែលជាការបង្កឧបសគ្គដល់ប្រសិទ្ធភាពនៃយុទ្ធនាការយោធាប្រឆាំងនឹងអ៊ីរ៉ង់។

Khcct banner

អត្ថបទទាក់ទង