681 ezgif.com resize
Swift cc time

នាយករដ្ឋមន្ត្រីកម្ពុជា ប្តេជ្ញាលុបបំបាត់ទាំងស្រុង Online Scams ចេញពីកម្ពុជាឱ្យបានមុនខែមេសា ដើម្បីបង្កបរិយាកាសសម្រាប់វិនិយោគ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្ដេជ្ញាពីការទប់ស្កាត់ ឱ្យទៅជាការលុបបំបាត់ទាំងស្រុង នូវមជ្ឈមណ្ឌលឆបោកតាមអនឡាញ (Online Scams) ឱ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦ ដើម្បីបង្កបរិយាកាសសម្រាប់ការវិនិយោគ ខណៈកម្ពុជាបាននិងកំពុងផ្តល់នូវប្រយោជន៍ជាច្រើនសម្រាប់ការទាក់ទាញវិនិយោគិនឱ្យវិនិយោគបន្ថែមនៅកម្ពុជា។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជាឆ្នាំ២០២៦ មូលបទ «ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តឧស្សាហកម្ម» នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។

សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាផ្តល់ជូនអត្ថប្រយោជន៍ជាយុទ្ធសាស្រ្តគួរឱ្យទាក់ទាញសម្រាប់វិនិយោគិនសកលដែលឈរលើសេដ្ឋកិច្ចនយោបាយ ភាពធន់នៃម៉ាក្រូសេដ្ឋកិច្ច លទ្ធភាពចូលទីផ្សារធំទូលាយ និងក្របខណ្ឌគតិយុត្តិ និងការកែទម្រង់ប្រកបដោយ ទស្សនៈវិស័យវែងឆ្ងាយ។

សម្តេចបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំបង្កើតបរិយាកាស ប្រតិបត្តិការប្រកបដោយសុវត្ថិភាព ដែលមានភាពអាចប៉ាន់ស្មានបាន ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវហានិភ័យផ្នែកយុត្ថាធិការ បង្កើតទំនុកចិត្ត សម្រាប់ជំនឿទុកចិត្ត និងធានានូវនិរន្តរភាព អាជីវកម្មរយៈពេលវែង ។

សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ស្របតាមការប្តេជ្ញាចិត្តនេះ រាជរដ្ឋាភិបាល បានសម្រេចផ្លាស់ប្តូរយ៉ាងម៉ឺងម៉ាត់នូវគោនយោបាយជាតិការទប់ស្កាត់ ឱ្យទៅជាការលុបបំបាត់ទាំងស្រុង នូវមជ្ឈមណ្ឌលឆបោកតាមអនឡាញ ឱ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦ ដើម្បីពង្រឹងវិធានច្បាប់ និងអនុលោមភាពស្ថាប័ន និងការពារបន្ថែមទៀត នូវសុច្ចរិតភាព ក្នុងបរិយាកាសវិនយោគ។

សម្ដេចបង្ហាញថា នៅឆ្នាំ២០២៥ CDCបានអនុវត្តគម្រោងវិនិយោគក្នុងទំហំប្រមាណ ១០ពាន់លានដុល្លារ កើនឡើង៤៥% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ទុនវិនិយោគបានផ្លាស់ប្តូរយ៉ាងឆាប់ពីវិស័យកាត់ដេរទៅផលិតកម្មកម្រិតខ្ពស់ កសិ-ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.វ.ក. នៃ ក.អ.ក) បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១០ ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៤៣៨ ពាន់កន្លែង។ ជាការកត់សម្គាល់ ការចុះបញ្ជីវិនិយោគមានការកើនឡើងចំនួន ២១៦គម្រោង ស្មើនឹងប្រមាណ ៥២% ខណៈទំហំទុនវិនិយោគមានការកើនឡើងប្រមាណ ៣ប៊ីលានដុល្លារ ស្មើនឹងប្រមាណ ៤៥% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕

Khcct banner

អត្ថបទទាក់ទង