Img 1426
Swift cc time

សង្គ្រាមមជ្ឈិមបូព៌ានឹងនាំឱ្យ«មុខទំនិញ»មួយចំនួនឡើងថ្លៃ តែអាចជាឱកាសដល់ផលិតផលកសិកម្មរបស់កម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ Chip Mong Group)

ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនាញក្នុងវិស័យពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ប្រសិនបើសង្គ្រាមនៅមជ្ឈិមបូព៌ាអូសបន្លាយរយៈពេលវែង វាអាចនឹងជះឥទ្ធិពលដល់អតិផរណានៅកម្ពុជា ដែលអាចធ្វើឱ្យទំនិញមួយចំនួនឡើងថ្លៃ ហើយវិស័យទេសចរណ៍កម្ពុជាក៏អាចនឹងរងផលប៉ះពាល់មួយផ្នែកតូចផងដែរ។ ជាពិសេស តម្លៃប្រេងនៅទីផ្សារកម្ពុជានិងពិភពលោក នឹងមានការកើនឡើងខ្ពស់ ប្រសិនបើសង្គ្រាមនេះនៅមិនទាន់បញ្ចប់ទាន់ពេលវេលា។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ជម្លោះយោធានៅមជ្ឈិមបូព៌ា បានធ្វើឱ្យបណ្ដាប្រទេសអ្នកលក់ប្រេងនៅទូទាំងពិភពលោក រិតត្បិតការលក់ប្រេងទៅកាន់បណ្ដាប្រទេសជាអ្នកទិញ ដើម្បីជៀសវាងកង្វះខាតការប្រើប្រាស់ប្រេងនៅក្នុងប្រទេសរបស់ពួកគេដែរ។ ជាមួយគ្នានេះ តម្លៃប្រេងឥន្ធនៈក៏អាចនឹងមានការកើនឡើងខ្លះដែរទៅតាមទីផ្សារអន្តរជាតិ ខណៈទីផ្សារបច្ចុប្បន្ននេះ កម្ពុជានាំចូលប្រេងពីសិង្ហបុរី វៀតណាម ចិន និងប្រទេសក្នុងតំបន់មួយចំនួនទៀតផងដែរ។

ទោះជាយ៉ាងណា លោកនៅតែសង្ឃឹមថា ចរន្តប្រេងចូលមកកម្ពុជានៅតែបន្តមាន និងចែកចាយឱ្យប្រើប្រាស់បានគ្រប់គ្រាន់ ប្រសិនបើសង្រ្គាមអាចនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ។ ជាមួយគ្នានេះ លោកក៏បានសំណូមពរឱ្យមានការរិតត្បិតខ្លះចំពោះការប្រើប្រាស់ប្រេង ដោយអាចកាត់បន្ថយការធ្វើដំណើរទាំងឡាយណាដែលមិនចាំបាច់ ដើម្បីកុំឱ្យមានកង្វះខាតប្រេង។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងអ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្ម

ជាមួយគ្នានេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ជាការពិតណាស់ សង្គ្រាមតែងនាំមកនូវផលរំខាន និងផលអវិជ្ជមាន ជាក់ស្តែងសង្គ្រាមដែលកំពុងកើតឡើងនៅមជ្ឈិមបូព៌ា គឺស្ថិតនៅឆ្ងាយពីប្រទេសកម្ពុជា ដែលមិនបានផ្តល់ផលប៉ះពាល់ខ្លាំងដល់កម្ពុជានោះទេ។ ជារួម សង្គ្រាមនៅមជ្ឈិមបូព៌ា ធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជារួចទៅហើយ ដោយអាចប៉ហពាល់ក្នុងកម្រិតតិចតួច បើសង្គ្រាមមានរយៈពេលខ្លី ហើយក៏អាចប៉ះពាល់ខ្លាំងបើសង្គ្រាមនេះ បន្តអូសបន្លាយរយៈពេលយូរ។

លោកបញ្ជាក់ថា ប្រសិនបើសង្គ្រាមនេះ អូសបន្លាយក្នុងរយៈពេលយូរ នោះកម្ពុជាក៏អាចទាញផលចំណេញពីសង្គ្រាមនេះបានដោយការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ពេលនោះផលិតផលកសិកម្មកម្ពុជានឹងមានតម្រូវការនាំចេញខ្ពស់ទៅកាន់តំបន់ទាំងនោះ។ មួយវិញទៀត ឱកាសនៃការវិនិយោគនៅកម្ពុជាក៏នឹងកើនឡើងខ្ពស់ ដោយវិនិយោគិនបរទេសអាចនឹងងាកមករកប្រទេសកម្ពុជា ដើម្បីធ្វើការវិនិយោគ ខណៈកម្ពុជាមានលក្ខខណ្ឌវិនិយោគល្អ និងមានសុវត្ថិភាព។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា ក៏បានលើកឡើងដែរថា សង្រ្គាមរវាងអ៊ីស្រាក់អែល និងអ៊ីរ៉ង់ ដែលកំពុងកើឡើងនាពេលនេះ អាចធ្វើឱ្យប៉ះពាល់ដល់ការនាំចេញផលិតផលមួយចំនួនរបស់កម្ពុជាដែលនាំចេញទៅប្រទេសឌូបៃ ហើយតម្លៃប្រេងក៏នឹងអាចឡើងថ្លៃ ហើយអាចជះឥទ្ធិពលដល់អតិផរណានៅកម្ពុជា។

ចំពោះវិស័យទេសចរណ៍ លោកថាមិនសូវជាមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ព្រោះកន្លងមកភ្ញៀវទេសចរពីអ៊ីរ៉ាក់ អ៊ីរ៉ង់ ឬមជ្ឈិមបូព៌ា ក៏មិនសូវមានវត្តមានច្រើននៅកម្ពុជាដែរ ជារួមវិស័យទេសចរណ៍នៅទូទាំងពិភពលោកអាចមានផលប៉ះពាល់មួយផ្នែកដែរ។ ក្រៅពីនេះ លោកប៉ាន់ស្មានថា ទីផ្សារហ៊ុន ក៏អាចនឹងមានការធ្លាក់ចុះ ហើយតម្លៃមាសអាចនឹងឡើងថ្លៃជាបន្តបន្ទាប់៕

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា


Khcct banner

អត្ថបទទាក់ទង