វៀតណាម៖ មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម នៅថ្ងៃទី ៣ មីនានេះ បានប្រកាសពីជំហររបស់ខ្លួនក្នុងការមិនគាំទ្រសកម្មភាពយោធាប្រឆាំងនឹងប្រទេសដែលមានអធិបតេយ្យភាព។ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងក្រោយពីអ្នកសារព័ត៌មានចោទសួរទាក់ទងនឹងភាពតានតឹងធ្ងន់ធ្ងរនៅមជ្ឈិមបូព៌ា។នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាមVnexpress។
លោកស្រី Pham Thu Hang បានគូសបញ្ជាក់ថា តាំងតែពីដើមដំបូងវៀតណាមប្រឆាំងនឹងការប្រើប្រាស់កម្លាំងប្រឆាំងនឹងប្រទេសអធិបតេយ្យភាព ជាពិសេស ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលបណ្តាលឱ្យបាត់បង់ជីវិត។មិនគាំទ្រដោយសារ សកម្មភាពបែបនេះ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ និង បន្តគំរាមកំហែងដល់អាយុជីវិត សុវត្ថិភាព និងផលប្រយោជន៍របស់ជនស៊ីវិល រួមទាំងពលរដ្ឋវៀតណាម នៅក្នុងតំបន់ ខណៈដែលបានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចមានអស្ថិរភាព និ ងបំផ្លាញសន្តិភាព ស្ថិរភាពទាំងក្នុងតំបន់ និង សកលលោក។
មន្ត្រីអ្នកនាំពាក្យរូបនេះ បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ធ្វើសកម្មភាពដោយការទទួលខុសត្រូវ គោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និង ដំណោះស្រាយពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ គោរពអធិបតេយ្យភាព និង បូរណភាពទឹកដីរបស់ប្រជាជាតិនានា ហើយបន្តការចរចា និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កិច្ចសន្ទនាឆ្ពោះទៅរកការដោះស្រាយរាល់ការខ្វែងគំនិតគ្នាតាមរយៈមធ្យោបាយសន្តិភាព៕