ឥណ្ឌា៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានជួបពិភាក្សាគ្នានៅទីក្រុងញូវដេលី ដើម្បីផ្សះផ្សាទំនាក់ទំនងការទូតដែលធ្លាប់បានធ្លាក់ចុះដុនដាបខ្លាំងនាពេលកន្លងមក។ នៅក្នុងជំនួបនេះ មេដឹកនាំទាំងពីរបានសម្រេចនូវកិច្ចព្រមព្រៀងសំខាន់ៗជាច្រើន ជាពិសេសគឺ កិច្ចព្រមព្រៀងថាមពលនុយក្លេអ៊ែររយៈពេល ១០ឆ្នាំ ដែលអនុញ្ញាតឱ្យកាណាដាផ្គត់ផ្គង់សារធាតុអ៊ុយរ៉ាញ៉ូមដល់ឥណ្ឌា រួមជាមួយកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា វិស័យកាយរ៉ែ លំហអាកាស ការពារជាតិ និងការអប់រំ។
តាមទីភ្នាក់ងារសារព័ត៌មានBBC ប្រទេសទាំងពីរបានកំណត់គោលដៅបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឱ្យបាននៅត្រឹម ចុងឆ្នាំ ២០២៦ ដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ៥០ ពាន់លានដុល្លារ និងដើម្បីកាត់បន្ថយផលប៉ះពាល់ពីពន្ធគយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានជួបភាពរកាំរកូសយ៉ាងខ្លាំងកាលពីអាណត្តិមុន ក្រោយការចោទប្រកាន់របស់ឥណ្ឌាទាក់ទងនឹងការសម្លាប់សកម្មជនសាសនា Sikh ម្នាក់នៅលើទឹកដីកាណាដាកាលពីឆ្នាំ ២០២៣ ដែលនាំឱ្យមានការបណ្តេញអ្នកការទូតចេញចេញពីប្រទេសរៀងខ្លួន។
ចាប់តាំងពីលោក Carney ឡើងកាន់តំណែងកាលពីឆ្នាំមុន លោកបានងាកមកប្រើនយោបាយជាក់ស្តែងនិយមដើម្បីកសាងទំនាក់ទំនងឡើងវិញជាមួយឥណ្ឌា ទោះបីជាមានការរិះគន់ខ្លះៗពីសំណាក់ភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងសមាជិកសភាមួយចំនួនក្នុងប្រទេសកាណាដាជុំវិញបញ្ហាសន្តិសុខក៏ដោយ។