សៀមរាប៖ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការអង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង នៅថ្ងៃទី ៣ មីនានេះ បានចុះស្វែងយល់អំពីទុក្ខលំបាករបស់ជនភៀសសឹកកម្ពុជា នៅឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ចំនួន ៤១៤ គ្រួសារ ស្មើនឹង ១ ៣៩៥នាក់ ដែលមិនទាន់អាចត្រឡប់ទៅផ្ទះសម្បែងវិញបានដោយសារការឈ្លានពានរបស់យោធាថៃ។
ការចុះស្វែងយល់អំពីទុក្ខលំបាករបស់ជនភៀសសឹកកម្ពុជាពេលនេះ ធ្វើឡើងក្នុងពេលដែលលោកស្រី និងគណៈប្រតិភូ កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជជែកពីការរៀបចំកិច្ចប្រជុំកំពូលលើកទី២០ នៃអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយ ភាសា បារាំង ឬហៅថាហ្វ្រង់កូហ្វូនី ដែលគ្រោងធ្វើឡើងនៅរាជធានីភ្នំពេញនាខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
ថ្លែងនៅជំរំភៀសសឹក លោកស្រីបានសម្តែងពីការយល់អារម្មណ៍ ចំពោះការលំបាកនៃជនភៀសសឹក ដោយសារលោកស្រីផ្ទាល់ក៏ធ្លាប់ឆ្លងកាត់ជីវិតជាជនភៀសសឹកដូចគ្នា នៅក្នុងប្រទេសរវ៉ានដារបស់លោកស្រី កាលពីឆ្នាំ១៩៦០។លោកស្រី សូមសម្ដែងសាមគ្គីភាពជាមួយជនភៀសសឹកកម្ពុជាទាំងអស់ក្នុងនាមប្រទេសសមាជិកដែលនិយាយភាសាបារាំង។
ក្នុងពេលជាមួយគ្នានោះ លោកស្រី ជូនពរឱ្យជនភៀសសឹកទាំងអស់ឆ្លងកាត់ការលំបាកនេះបានឆាប់បំផុត និង សង្ឃឹមថានឹងមានដំណោះស្រាយឆាប់ៗ ដើម្បីអ្នកទាំងអស់គ្នាបានរស់នៅតាមធម្មតាវិញ។
យោងតាមក្រសួងមហាផ្ទៃ គិតត្រឹមថ្ងៃទី២ ខែមីនា នៅមានពលរដ្ឋភៀសសឹកជិត៥ ម៉ឺននាក់ទៀតដែលមិនអាចត្រឡប់ទៅភូមិឋានវិញបាន ដោយសារតែការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់យោធាថៃ ក៏ដូចជាការរស់នៅក្នុងតំបន់ក្រហមជាប់នឹងព្រំដែន៕