ភ្នំពេញ៖ ក្រុមហ៊ុនម៉ាឡេស៊ីល្បីៗ នាថ្ងៃទី២ មីនា បានសហការនាំព្រឹត្តិការណ៍ទេសចរណ៍ធំៗ និងកម្រិតអន្តរជាតិពុំដែលធ្លាប់មានមកកម្ពុជា ដែលមានឈ្មោះថា “The Kingdom’s Grand Prix & Gala” ដែលមានព្រឹត្តិការណ៍ទេសចរណ៍ធំៗចំនួន៣ រួមមាន មហោស្រពតន្ត្រីអន្តរជាតិ ការប្រណាំងទូកល្បឿនលឿនអាជីព និងការប្រណាំងរថយន្តកម្រិត GT (Grand Touring)។
ក្នុងជំនួបរវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Michael Cheow ប្រធានក្រុមហ៊ុន C. Michael International Sdn. Bhd. និងប្រតិភូវិនិយោគិនពីប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងស្នើសុំកិច្ចគាំទ្រពីក្រសួងទេសចរណ៍លើការរៀបចំព្រឹត្តិការណ៍ជំរុញទេសចរណ៍កម្រិតអន្តរជាតិនៅកម្ពុជា។
លោក Michael Cheow បានលើកឡើងពីគម្រោងឈ្មោះថា “The Kingdom’s Grand Prix & Gala” ដែលគ្រោងនឹងរៀបចំព្រឹត្តិការណ៍ជំរុញវិស័យទេសចរណ៍ជាលក្ខណៈអន្តរជាតិចំនួន៣ ធំៗ គឺ៖ មហោស្រពតន្ត្រីអន្តរជាតិ ដែលជាពិធីបុណ្យតន្ត្រីកម្រិតពិភពលោក ដែលត្រូវបានរៀបចំឡើងដើម្បីអបអរសាទរទាំងទេពកោសល្យសិល្បៈសម័យទំនើប និងមរតកវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា; ២).ការប្រណាំងទូកល្បឿនលឿនអាជីព ដែលជាព្រឹត្តិការណ៍កីឡាលើទឹកដ៏រំភើបញាប់ញ័រនៅតំបន់ឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជា ដើម្បីលើកកម្ពស់ទេសចរណ៍តំបន់ឆ្នេរ និងការយល់ដឹងអំពីបរិស្ថាន និង៣).ការប្រណាំងរថយន្តកម្រិត GT (Grand Touring) ដែលជាព្រឹត្តិការណ៍ប្រណាំងរថយន្តដ៏ឆ្នើម ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ទៅកាន់មជ្ឈដ្ឋានអ្នកស្នេហាវិស័យយានយន្តអន្តរជាតិ និងក្រុមទេសចរដែលនិយមចំណាយខ្ពស់។
លោក ក៏បានបង្ហាញទំនុកចិត្តយ៉ាងមុតមាំថា ព្រឹត្តិការណ៍ទាំងនេះមិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចក្នុងស្រុក និងបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការត្រៀមលក្ខណៈរួចរាល់របស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិខ្នាតធំ និងទំនើបៗផងដែរ។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមនេះ ហើយបានបញ្ជាក់ពីការគាំទ្ររបស់ក្រសួងទេសចរណ៍ ចំពោះការរៀបចំព្រឹត្តការណ៍ដ៏ធំ និងកម្រិតអន្តរជាតិជាលើកដំបូងនៅកម្ពុជា ក្នុងឆ្នាំ២០២៦ នេះ ដែលនឹងក្លាយជាសមិទ្ធផលគួរជាទីមោទនៈសម្រាប់អ្នកវិនិយោគ និងផលប្រយោជន៏សេដ្ឋកិច្ចដ៏ធំធេងចំពោះប្រជាពលរដ្ឋកម្ពុជាដែលទទួលបានពីព្រឹត្តិការណ៍ទេសចរណ៍នេះ៕