681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន សែន ធានាសុវត្តិភាពដល់កិច្ចប្រជុំកំពូល«ហ្វ្រង់កូហ្វូនី»នៅកម្ពុជា ទោះមានបញ្ហាព្រំដែនជាមួយថៃ

សង្គម
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/

ភ្នំពេញ៖ ប្រមុខរដ្ឋស្តីទីកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ២ មីនានេះ បានប្រកាសធានាសុខសុវត្តិភាពជូនដល់ថ្នាក់ដឹកនាំនានាដែលត្រៀមមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលគ្រោងធ្វើឡើងនៅក្នុងអំឡុងខែ វិច្ឆិកាឆ្នាំ ២០២៦ ខាងមុខនេះ។នេះប្រកាសធានានេះ ធ្វើឡើងក្នុងពេលសម្តេច ជួបជាមួយ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង។

បើគ្មានអ្វីប្រែប្រួលនោះទេ ប្រទេសកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល«ហ្វ្រង់កូហ្វូនី» ជាអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង នៅក្នុងខែវិច្ឆិកាចុងឆ្នាំនេះ ហើយមេដឹកនាំពិភពលោកសំខាន់ៗបូករួមទាំងប្រធានាធិបតីបារាំង លោកម៉ាក្រុង ក៏នឹងចូលរួមផងដែរ។

ក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង សម្តេច ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្តីទី បានប្រកាសរង់ចាំការស្វាគមន៍នូវប្រតិភូអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នៅពេលខាងមុខ។សម្រាប់សម្តេច ហ៊ុន សែនបច្ចុប្បន្ននេះ ទោះបីជាពិភពលោកបន្តនូវសកម្មភាពដ៏ស្មុគស្មាញ ក៏ពិតមែន តែតាមរយៈនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនោះ សម្តេចសង្ឃឹមថានឹង ទទួលបានលទ្ធផលជោគជ័យល្អប្រសើរទុកជាប្រវត្តិសាស្ត្រក្នុងប្រទេសកម្ពុជាផង និងប្រវត្តិសាស្ត្រនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះផងដែរ។

សម្តេច ហ៊ុន សែន បានផ្ញើសារតាមរយៈលោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo)ទៅកាន់ថ្នាក់ដឹកនាំដែលត្រូវអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំខាងមុខនោះ សូមកុំមានការព្រួយបារម្ភ ត្បិតកម្ពុជាមានបញ្ហាជម្លោះព្រំដែនជាមួយថៃ តែមិនជះឥទ្ធិពលដល់កិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់ខាងមុខនោះទេ។

លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) បានប្ដេជ្ញាចិត្តក្នុងការជួយគាំទ្រដល់កម្ពុជា ក្នុងការរៀបចំនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។សម្រាប់លោកស្រី នៅក្នុងបរិបទពិភពលោកដ៏ស្មុគស្មាញនេះ លោកស្រី បានទទួលស្គាល់ពីភាពស្មុគស្មាញរបស់ពិភពលោកដែលតម្រូវឱ្យបណ្ដាប្រទេសនៅក្នុងអង្គការហ្វ្រង់កូហ្វូនី មានការគិតគូរចំពោះបញ្ហានេះផងដែរ ហើយសម្រាប់បរិបទប្រទេសកម្ពុជា លោកស្រី ក៏បានតាមដានផងដែរពីបញ្ហាព្រំដែនកម្ពុជា និងថៃ។

គួរបញ្ជាក់ថា ក្រៅពីមកទស្សនកិច្ចនៅកម្ពុជា លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង នឹងឆ្លៀតទៅសួរសុខទុក្ខជនភៀសខ្លួននៅព្រំដែនផងដែរ។សម្តេច ហ៊ុន សែន ចាត់ទុកកាយវិកានេះ បង្ហាញពីការស្រឡាញ់សន្តិភាព និងជូនពរប្រតិភូទទួលបានជោគជ័យ ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលនេះ៕

Khcct banner

អត្ថបទទាក់ទង