ភ្នំពេញ៖ នៅចុងខែកុម្ភៈ គិតចាប់ពីថ្ងៃទី២៥ដល់២៨ ខែកុម្ភៈ ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជា បានបន្តធ្វើការបណ្តេញជនបរទេស ចំនួន ១,៥០១នាក់ ក្នុងនោះ មានស្ត្រី១៦២នាក់ មាន២០សញ្ជាតិ រួមមាន ចិន ហ្គាណា ស៊ីរី យ៉ូហ្គង់ដា ចិនតៃវ៉ាន់ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ឡាវ ឥណ្ឌា ប៉ាគីស្ថាន កេនយ៉ា ហ្វីលីពីន បង់ក្លាដេស សិង្ហបូរី វៀតណាម ជប៉ុន នីហ្សេរីយ៉ា កាមេរូន នេប៉ាល់ និងកូរ៉េ ចេញពីប្រទេសកម្ពុជា។
ក្នុងការបណ្ដេញចេញនោះ មានជនជាតិចិន ចំនួន ៦៥៨នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងជនបរទេសមួយចំនួនទៀត ពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕