681 ezgif.com resize
Swift cc time

កម្ពុជារកចំណូលបានជាង៩លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គររយៈពេល២ខែ ឆ្នាំ២០២៦

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រយៈពេល២ខែ ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង ៩ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ឱ្យភ្ញៀវទេសចរបរទេសប្រមាណជាង ១៨ម៉ឺននាក់។ ចំណូលសរុបពីការលក់សំបុត្ររយៈពេល២ខែឆ្នាំនេះ ធ្លាក់ចុះប្រមាណជាង ៣០ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍គ្រឹះស្ថានអង្គរ។

បើតាមរបាយការណ៍ ចំនួនភ្ញៀវទេសចរបរទេសដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរធ្លាក់ចុះ ៣២.៤៥ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ដោយឡែក ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង ៤,៦ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ឱ្យភ្ញៀវទេសចរបរទេសប្រមាណ ៩,៥ ម៉ឺននាក់។ ចំណូលពីការលក់សំបុត្រក្នុងខែកុម្ភៈ ឆ្នាំ២០២៦ ធ្លាក់ចុះជាង ២៥ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈចំនួនភ្ញៀវទិញសំបុ្តរក្នុងខែកុម្ភៈ ក៏មានការធ្លាក់ចុះប្រមាណ ២៨ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

សម្រាប់ចំណូលពីការលក់បណ្ណនៅប្រាសាទកោះកែរ រយៈពេល២ខែនេះ មានចំនួន ៦៥ ២៩៥ ដុល្លារ ឱ្យភ្ញៀវទេសចរបរទេសចំនួន ៤ ៣៥៣ នាក់។ រីឯ ចំណូលពីការលក់សំបុត្រនៅប្រាសាទបេងមាលា រយៈពេល២ខែ ឆ្នាំ២០២៦ មានចំនួន ៤២ ៦៥០ ដុល្លារ ដល់ភ្ញៀវទេសចរបរទេសចំនួន ៤ ២៦៥ នាក់។

ចំណូលពីការលក់សំបុត្រនៅភ្នំក្បាលស្ពានរយៈពេល២ខែកន្លងទៅនេះ មានចំនួន ១ ៧៧០ ដុល្លារ ឱ្យភ្ញៀវទេសចរបរទេសចំនួន ៣៥៤ នាក់។ ចំពោះ ចំណូលពីការលក់សំបុត្រទូកក្នុងរយៈពេល២ខែនេះ ១៩១ ១៧២ ដុល្លារ៕

Khcct banner

អត្ថបទទាក់ទង