អ៊ីរ៉ង់៖ ទ័ពអាកាសសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលនៅរសៀលថ្ងៃទី ២៨ ខែ កុម្ភៈ នេះបានបើកការវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មានលើប្រទេសអ៊ីរ៉ង់ដោយក្រោមប្រតិបត្តិការយោធាមានឈ្មោះថា PREEMPTIVE MILITARY STRIKE រឺ ( ប្រតិបត្តិការវាយប្រហារប្រឆាំងសត្រូវមុន) ការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់នេះបានចាប់ផ្ទុះឡើងនៅតំបន់ខ្លះនៃរដ្ឋធានីតេអេរ៉ង់។ គេឃើញមានផ្សែងហុយឡើងខ្មៅខ្មួរខ្មាញ់ពាញពេសអាកាស និងសម្លេងផ្ទុះជាប់ៗគ្នាជាច្រើនទីតាំង។
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលលោក អ៊ីស្រាអែល កាតស៍ (Israel Katz) បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានចាប់ផ្តើមការវាយប្រហារនេះភ្លាមៗពីព្រោះនឹងមានការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកពីអ៊ីរ៉ង់នាពេលអនាគតដ៏ខ្លីខាងមុខ។ លោកបានប្រកាសដាក់ប្រទេសទាំងស្រុងក្នុងគ្រាអាសន្ន និងជំរុញឲ្យពលរដ្ឋរក្សាការប្រុងប្រយ័ត្ន។ រដ្ឋមន្រ្តីរូបនេះបានអះអាងថាការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់បានចាប់ផ្តើមនៅម៉ោង ០៨:១០ ព្រឹក ម៉ោងក្នុងស្រុក គោលដៅរួមបញ្ចូលគ្នាក្នុងការវាយប្រហារនេះរួមមានឥស្សរជនសំខាន់ៗនៅក្នុងប្រទេសអ៊ីរ៉ង់។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចាត់ទុកការវាយប្រហារនេះថានឹងក្លាយជាការផ្លាស់ប្តូររបបនៅអ៊ីរ៉ង់ជាច្រើនទសវត្សរ៍មកនេះ លោកសង្គត់ធ្ងន់ថាសាធារណរដ្ឋអ៊ីស្លាមបាននឹងកំពុងគំរាមកំហែងដល់អ៊ីស្រាអែល មជ្ឈិមបូព៌ា និងពិភពលោក។
ភ្លាមៗជាការឆ្លើយតបនៃការវាយប្រហាររបស់អ៊ីស្រាអែលអ៊ីរ៉ង់កំពុងរៀបចំការសងសឹកប្រឆាំងនឹងអ៊ីស្រាអែល ហើយការឆ្លើយតបរបស់ខ្លួន "នឹងធ្ងន់ធ្ងរ" នេះបើយោងតាមមន្ត្រីអ៊ីរ៉ង់ម្នាក់បានប្រាប់ទីភ្នាក់ងាររ៉យទ័រមុននេះបន្តិច មន្រ្តីដដែលបានអះអាងទៀតថាក្រសួងជាច្រើនក្នុងប្រទេសអ៊ីរ៉ង់រងការវាយប្រហារផ្ទួនៗគ្នា៕