681 ezgif.com resize
Swift cc time

«សម្លៀកបំពាក់ ស្បែកជើង សម្ភារធ្វើដំណើរនិងកាបូប» នៅតែជាផលិតផលនាំចេញជួរមុខរបស់កម្ពុជា ដោយផ្តល់ចំណូលបានជិត ១,៤ ពាន់លានដុល្លារ ក្នុងខែមករា ឆ្នាំ២០២៦

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ @សហការី)

ភ្នំពេញ៖ ក្នុងខែមករា ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជិត ១,៤ ពាន់លានដុល្លារ ពីការនាំចេញសម្លៀកបំពាក់ ស្បែកជើង សម្ភារធ្វើដំណើរនិងកាបូប ដែលសុទ្ធតែជាផលិតផលនាំចេញលំដាប់ជួរមុខរបស់ប្រទេសកម្ពុជា។ ការនាំចេញផលិតផលទាំងបីមុខនេះ គឺមានការកើនឡើងបើធៀបនឹងខែមករា ឆ្នាំ២០២៥ ដែលរកចំណូលបានប្រមាណជាង ១,៣ ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

បើតាមរបាយការណ៍ ក្នុងខែមករា ឆ្នាំ២០២៦ កម្ពុជារកចំណូលពីការនាំចេញសម្លៀកបំពាក់បានប្រមាណជាង ១ពាន់លានដុល្លារ កើនឡើង ៦.៧៥% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈចំណូលដែលទទួលបានពីការនាំចេញស្បែកជើងមានប្រមាណជាង ១៩៦ លានដុល្លារ កើនឡើង ១៦.៨៨% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ សម្រាប់ចំណូលដែលទទួលបានពីការនាំចេញផលិតផលធ្វើដំណើរនិងកាបូប មានប្រមាណជាង ១៨៨ លានដុល្លារ កើនឡើង ១.១៣% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

ក្រៅពីនេះកម្ពុជាក៏បាននាំចេញផលិតផលសំខាន់ជាច្រើនមុខទៀតដូចជា វាយនភណ្ឌ សំបកកង់រថយន្ត ដំឡូងមី អង្ករ គ្រឿងអេឡិចត្រូនិក ស្រូវ ទោចក្រយាន ម្រេច ស្វាយបន្ទី ផលិតផលជលផល ផ្លែមៀន ពោត គ្រឿងបន្លាស់កង់និងម៉ូតូ។ល។

គួរបញ្ជាក់ថា ក្នុងខែមករា ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានក្នុងទឹកប្រាក់ប្រមាណ ៦ពាន់លានដុល្លារ កើនឡើង ១៩% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ក្នុងនោះកម្ពុជាសម្រេចការនាំចេញក្នុងទឹកប្រាក់ជិត ៣ពាន់លានដុល្លារ កើនឡើង ២៦.៦% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈនាំចូលមកវិញក្នុងទឹកប្រាក់ប្រមាណ ៣.១ ពាន់លានដុល្លារ កើនឡើង ១២.៨% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ប្រទេសដែលធ្វើការនាំចេញ នាំចូលជាមួយកម្ពុជាច្រើនជាងគេគឺ ចិន បន្ទាប់មកមានអាម៉េរិក វៀតណាម ជប៉ុន។ល៕


Khcct banner

អត្ថបទទាក់ទង