681 ezgif.com resize
Swift cc time

រដ្ឋមន្រ្តីក្រសួងការងារ កំណត់ទិសដៅការងារ ១៩ចំណុច ដើម្បីអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឆ្នាំ២០២៦

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ 

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ បានកំណត់ទិសដៅការងារ ១៩ចំណុច ដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឆ្នាំ២០២៦ បើទោះបីជាប្រទេសជាតិជួបប្រទះនូវឧបសគ្គដោយសារបញ្ហាព្រំដែនក្តី។ ការកំណត់ទិសដៅនេះ ធ្វើឡើងកំឡុងពេលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦។

លោករដ្ឋមន្រ្តី បានកំណត់ទិសដៅ១៩ចំណុច ព្រមទាំងផ្តល់អនុសាសន៍ដល់មន្រ្តីក្រោមឱវាទទាំងអស់ ត្រូវបន្តអនុវត្តអនុសាសន៍ទាំង១០ចំណុចរបស់សម្តេច ហ៊ុន ម៉ាណែត ដោយត្រូវពង្រឹង និងពង្រីកសេវាការងារ ព័ត៌មានទីផ្សារការងារ វេទិកាការងារ និងប្រព័ន្ធ Hotline ១២៩៧ដល់សាធារណជន ជាពិសេសអតីតពលករ, បន្តពង្រីកទីផ្សារការងារនៅក្រៅប្រទេស, បន្តរៀបចំផលិត និងផ្សព្វផ្សាយរបាយការណ៍អង្កេត និងឯកសារសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងទីផ្សារការងារជាទៀងទាត់ ក៏ដូចជាបន្តពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ និងយន្តការសមាហរណកម្មជនទេសន្តរប្រវេសន៍។

បន្ថែមពីនេះ ត្រូវបន្តពង្រឹងយន្តការអធិការកិច្ចអន្តរក្រសួង និងប្រព័ន្ធអភិបាលកិច្ចអធិការកិច្ចការងារ, បន្តលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ, បង្កើនកិច្ចសហការជាមួយភាគីពាក់ព័ន្ធក្នុងការលុបបំបាត់ការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ, បន្តអភិវឌ្ឍសមត្ថភាពអង្គភាពពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យការងារ និងបន្តពង្រឹងប្រសិទ្ធភាពយន្តការដោះស្រាយវិវាទការងារក្រៅតុលាការ។

ក្រៅពីនេះ ក៏ត្រូវបន្តពង្រីកវិសាលភាពគ្របដណ្តប់របបសន្តិសុខសង្គមឱ្យបានជាអតិបរមា, បន្តលើកកម្ពស់អនុលោមភាពនៃការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូទាំងអស់, បន្តជំរុញកម្មវិធីបណ្តុះបណ្តាលជំនាញ TVET 1.5M, បន្តជំរុញនិងផលិតថ្នាក់បណ្តុះបណ្តាលចល័តឱ្យកាន់តែច្រើន និងទំនើប, ពង្រីកការកែច្នៃម៉ូតូកង់បី ដើម្បីបង្កើនចំណូលដល់អ្នកបើកកង់បី ឬលក់ដូរចល័ត, បញ្ចប់គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និង គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ, បន្តពង្រឹងភាពជាដៃគូរវាងរដ្ឋនិងឯកជន និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូ អភិវឌ្ឍនានា, បន្តពង្រឹងអភិបាលកិច្ចស្ថាប័ន និងប្រសិទ្ធភាពនៃការផ្តល់សេវា និងការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ៕

Khcct banner

អត្ថបទទាក់ទង