681 ezgif.com resize
Swift cc time

ចិនអំពាវនាវនាវ«ប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន»រក្សាការអត់ធ្មត់ ដោះស្រាយតាមការសន្ទនា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ម៉ៅនីង

ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិនអំពាវនាវឱ្យប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន ដោះស្រាយជម្លោះតាមរយៈការសន្ទនា និងការចរចា និងបញ្ចប់ការប្រយុទ្ធគ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ការអំពាវនាវនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីកងកម្លាំងប៉ាគីស្ថាន បានសម្រេចចិត្តប្រើប្រាស់យន្តហោះចម្បាំង បើកការវាយប្រហារតាមអាកាសទៅលើទីក្រុងកាប៊ុល ដែលជារដ្ឋធានីរបស់ អាហ្វហ្គានីស្ថាន ព្រមទាំងខេត្ត Paktia និង ខេត្ត Kandahar ដោយប៉ាគីស្ថានថាអាហ្វហ្គានីស្ថានវបានវាយប្រហារតាមបណ្តោយព្រំដែននិងសម្លាប់ទាហានខ្លួនអស់ជាច្រើននាក់ ហើយការវាយប្រហារនេះគឺជាការសងសឹកត្រឡប់ទៅវិញ។

បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ម៉ៅនីង (Mao Ning) ទីក្រុងប៉េកាំង កំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តនៃស្ថានភាពរវាងប្រទេសពីរ។ លោកស្រីថាប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានគឺជាប្រទេសជិតខាងជិតស្និទ្ធរបស់ចិន ក្នុងនាមជាប្រទេសជិតខាង និងជាមិត្ត ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនៃជម្លោះ និងមានការសោកស្ដាយយ៉ាងខ្លាំងចំពោះអ្នកស្លាប់ និងរបួសដែលបង្កឡើងដោយជម្លោះមួយនេះ។ លោកស្រីជំរុញឱ្យភាគីទាំងពីរអនុវត្តភាពស្ងប់ស្ងាត់ និងរក្សាការអត់ធ្មត់ និងសម្រេចបាននូវបទឈប់បាញ់តាមដែលអាចធ្វើទៅបាន។

គួររម្លឹកថាការវាយប្រហារតាមអាកាសទាំងនេះកើតឡើងបន្ទាប់ពីមានអរិភាពអស់រយៈពេលជាច្រើនខែរវាងប្រទេសទាំងពីរ។ ការផ្ទុះឡើងដ៏ធ្ងន់ធ្ងរចុងក្រោយគឺនៅក្នុងខែតុលា បន្ទាប់ពីនោះបទឈប់បាញ់ដ៏ផុយស្រួយមួយដែលសម្របសម្រួលដោយប្រទេសទួរគី និងកាតាត្រូវបានសម្រេច។ ប៉ាគីស្ថានចោទប្រកាន់រដ្ឋាភិបាលតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថានថាគាំទ្រ "ភេរវករប្រឆាំងប៉ាគីស្ថាន" ដែលខ្លួនបានស្តីបន្ទោសចំពោះការវាយប្រហារអត្តឃាតនៅក្នុងប្រទេសប៉ាគីស្ថាន រួមទាំងការវាយប្រហារថ្មីៗនេះនៅវិហារអ៊ីស្លាមមួយក្នុងទីក្រុងអ៊ីស្លាម៉ាបាដ៕

Khcct banner

អត្ថបទទាក់ទង