ភ្នំពេញ៖ ក្នុងខែមករា ឆ្នាំ២០២៦ (រយៈពេល០១ខែ) អាកាសយានដ្ឋានអន្តរជាតិទាំង៣ (តេជោ - សៀមរាបអង្គរ - ព្រះសីហនុ / KTI – SAI – KOS) មានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) ចំនួនជាង ៦ ពាន់ជើង (៦,២៤៣ ជើង) មានការកើនឡើង ៤% បើធៀបខែមករា ឆ្នាំ២០២៦ ទៅនឹងខែធ្នូ ឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍ដែលផ្តល់មកកាន់ស៊ីស៊ីថាមស៍ដោយលោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យ និងរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
បើតាមរបាយការណ៍ ក្នុងខែមករា ឆ្នាំ២០២៦ អាកាសយានដ្ឋានទាំងបីរបស់កម្ពុជា ទទួលបានអ្នកដំណើរ ចេញ-ចូល (ទ្វេទិស) ចំនួនជិត ៧ សែននាក់ (៦៧៩,៨៧៩ នាក់) មានការកើនឡើង ៤% បើធៀបខែមករា ឆ្នាំ២០២៦ ទៅនឹងខែធ្នូ ឆ្នាំ២០២៥។ ចំពោះទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៨ ពាន់តោន (៨,៥៧៨ តោន) មានការថយចុះ ៩% បើធៀបខែមករា ឆ្នាំ២០២៦ ទៅនឹងខែធ្នូ ឆ្នាំ២០២៥ ។
របាយការណ៍បញ្ជាក់ថា សរុបជើងហោះហើរ ចេញ-ចូល (ទ្វេទិស) នៅអាកាសយានដ្ឋានអន្តរជាតិទាំងបីមានចំនួន ១,៥៦១ ជើង/សប្តាហ៍។ ក្នុងនោះក៏រាប់បញ្ជូលអាកាសយានដ្ឋានតារាសាគរ ចំនួន ៤ ជើង/ សប្តាហ៍ (ទ្វេទិស) ជាជើងហោះហើរក្នុងស្រុករវាង KTI ⇄ DSY ។
សូមរំលឹកថា កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣៦ ក្រុមហ៊ុន (ជាតិ ៤ និងអន្តរជាតិ ៣២) និងកំពុងតភ្ជាប់ជើងហោះហើរជាមួយ ១៨ប្រទេស និង ៤៦ទីក្រុង រួមទាំង៨ប្រទេសនៃសមាជិកអាស៊ាន ព្រមទាំងប្រទេសផ្សេងៗទៀត ដូចជាប្រទេសចិន កូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ ឥណ្ឌា កាតារ អេមីរ៉ាតអារ៉ាប់រួម ជប៉ុន និងទួរគី។ នេះបើតាមរបាយការណ៍៕