ចិន៖ សារជីវកម្មសាងសង់នាវាជាតិចិន(CSSC) បានប្រកាសនៅថ្ងៃ២៧ កុម្ភៈនេះថា នាវាទេសចរណ៍ខ្នាតយក្សទី២ ដែលផលិតដោយខ្លួនឯងរបស់ចិន មានឈ្មោះថា Adora Flora City ត្រូវបានកំណត់កាលវិភាគដើម្បីចាកចេញពីឃ្លាំងសាងសង់នាវា(Dry Dock) នៅពាក់កណ្តាលខែមីនាខាងមុខ ដើម្បីឈានចូលដល់ដំណាក់កាលបន្ទាប់នៃការសាកល្បងប្រព័ន្ធ និងត្រៀមសាកល្បងលើផ្ទៃទឹកសមុទ្រនៅចុងខែឧសភាខាងមុខ។ ការផ្លាស់ទីនាវាពីកន្លែងសាងសង់ទៅកាន់ផែនេះ គឺជាជំហានដ៏សំខាន់បំផុតមួយ ដើម្បីរៀបចំការដំឡើងប្រព័ន្ធចុងក្រោយ និងការសាកល្បងប្រតិបត្តិការលើផ្ទៃទឹក មុនពេលបើកបរជាផ្លូវការនៅប៉ុន្មានខែខាងមុខ។នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។
នាវា Adora Flora City មានទម្ងន់សរុបដល់ទៅ ១៤១,៩០០ តោន និងមានកម្ពស់រហូតដល់ ១៦ ជាន់ ដោយការរចនាត្រូវបានយកលំនាំតាមវប្បធម៌ក្វាងទុង (Lingnan)អាចផ្ទុកអ្នកដំណើរបានជាង៥០០០នាក់។
បើប្រៀបធៀបទៅនឹងនាវាជំនាន់ដំបូង (Adora Magic City) នាវាថ្មីនេះត្រូវបានបំពាក់ដោយបច្ចេកវិទ្យាវិទ្យាសាស្ត្រទំនើបៗ និងប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) កម្រិតខ្ពស់ ព្រមទាំងមានបន្ថែមប្រភេទបន្ទប់ស្នាក់នៅកាន់តែច្រើន និងកន្លែងកម្សាន្តដែលផ្ដល់បទពិសោធន៍ថ្មីៗជាងមុន។
តាមផែនការដែលបានគ្រោងទុក នាវានេះនឹងចាប់ផ្ដើមសាកល្បងលើសមុទ្រនៅចុងខែឧសភា ហើយរំពឹងថានឹងត្រូវប្រគល់ឱ្យប្រើប្រាស់ជាផ្លូវការនៅដំណាច់ឆ្នាំ ២០២៦ នេះតែម្ដង។