ប៉េកាំង៖ តុលាការកំពូលប្រជាជនចិន (SPC) បានប្រកាសជាសាធារណៈថា ប្រព័ន្ធយុត្តិធម៌ចិនបានបញ្ចប់ការកាត់ក្តីជាស្ថាពរលើក្រុមឧក្រិដ្ឋជនដ៏មានឥទ្ធិពលបំផុតពីរ គឺ ត្រកូល Ming និង ត្រកូល Bai ដែលបង្កប់ខ្លួននៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។ ក្នុងចំណោមជនល្មើសជាន់ខ្ពស់ ៣៩ នាក់ មាន ១៦ នាក់ត្រូវបានកាត់ទោសប្រហារជីវិត ដែលជាវិធានការច្បាប់ដ៏តឹងរ៉ឹងបំផុតមិនធ្លាប់មាន។
យោងតាមរបាយការណ៍ គិតត្រឹមដំណាច់ឆ្នាំ២០២៥ តុលាការទូទាំងប្រទេសចិនបានដោះស្រាយរឿងក្តីពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍(Online Scams) ពីមីយ៉ាន់ម៉ាបានជាង ២៧,០០០ ករណី និងបានផ្ដន្ទាទោសជនសង្ស័យដែលត្រូវបានបញ្ជូនត្រឡប់មកវិញចំនួនជាង ៤១,០០០ នាក់។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។ ដោយក្នុងនោះមានការបំបែកសំណុំរឿងរបស់ក្រុមឧក្រិដ្ឋជនដែលគេស្គាល់ថាជា «គ្រួសារមានឥទ្ធិពលទាំងបួន» (Four Major Families) ជាពិសេសគឺក្រុមត្រកូល Ming និងត្រកូល Bai ដែលជាបណ្តាញឧក្រិដ្ឋជនប្រដាប់អាវុធឆ្លងដែនដ៏មានឥទ្ធិពល។
គួរបញ្ជាក់ថា ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ តុលាការចិនបានចាត់វិធានការយ៉ាងតឹងរ៉ឹង និងមានប្រសិទ្ធភាពបំផុត ដោយបានបញ្ចប់ការកាត់ក្តីលើករណីឆបោកតាមអនឡាញសរុបជាង ១៥៩,០០០ ករណី និងផ្ដន្ទាទោសជនជាប់ចោទជាង ៣៣៨,០០០ នាក់ ដើម្បីការពារសន្តិសុខបុគ្គល និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋពីការគំរាមកំហែងនៃឧក្រិដ្ឋកម្មបច្ចេកវិទ្យា៕