វៀតណាម៖ អាជ្ញាធរវៀតណាមបានពង្រីកការស៊ើបអង្កេតទ្រង់ទ្រាយធំ ពាក់ព័ន្ធនឹងអំពើពុករលួយលើការទូទាត់សំណងដីធ្លី និងការរៀបចំតំបន់លំនៅឋានថ្មី នៅក្នុងគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thành ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតមួយរបស់ប្រទេសវៀតណាម។ សមត្ថកិច្ចក្នុងខេត្តដុងណៃ (Đồng Nai) នៅថ្ងៃទី២៥ ខែកុម្ភៈបានសម្រេចឃាត់ខ្លួនមន្ត្រីថ្នាក់ឃុំចំនួន ៣រូប ពាក់ព័ន្ធអំពើពុករលួយក្នុងគម្រោងព្រលានយន្តហោះ រួមមាន ប្រធានស្តីទី គណៈកម្មាធិការប្រជាជនឃុំ ប៊ីញសឺន (Bình Sơn) អនុប្រធានឃុំ ប៊ីញសឺន និង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ប្រចាំឃុំ។
តាមការចុះផ្សាយរបស់ Vietnam News មន្ត្រីទាំងនេះត្រូវបានឃាត់ខ្លួនដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ពីបទ «រំលោភអំណាច សូកប៉ាន់ និងបោកប្រាស់» ក្នុងគោលនយោបាយសំណងដីធ្លី។
បន្ថែមពីនេះ ក្រុមអ្នកស៊ើបអង្កេតបានរកឃើញភាពមិនប្រក្រតីជាច្រើន ដូចជាការក្លែងបន្លំឯកសារប្រភពដីធ្លី ការអនុម័តសំណងខុសច្បាប់ និងការរៀបចំទីតាំងលំនៅឋានថ្មី ដែលបង្កឱ្យខាតបង់ថវិការដ្ឋយ៉ាងធ្ងន់ធ្ងរ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតឯកសារពាក់ព័ន្ធជាង ១០,០០០ ច្បាប់ ដើម្បីពិនិត្យរកអ្នកពាក់ព័ន្ធបន្ថែម។ អាជ្ញាធរក៏បានអំពាវនាវឱ្យបុគ្គលដែលបានទទួលសំណងមិនត្រឹមត្រូវ ចូលខ្លួនមកសារភាព និងប្រគល់ប្រាក់ទាំងនោះត្រឡប់មកវិញ ដើម្បីទទួលបានការបន្ធូរបន្ថយទោសតាមផ្លូវច្បាប់។
គួររំលឹកថា ការឃាត់ខ្លួនមន្ត្រីទាំង ៣រូបនេះ បានធ្វើឡើងបន្ទាប់ពីការចាប់ខ្លួនកាលពីមុនលើលោក Lê Văn Tiếp ប្រធានគណៈកម្មាធិការប្រជាជនស្រុក Long Thành និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ដីធ្លី ដែលជាប់ពាក់ព័ន្ធបទល្មើសពុករលួយក្នុងគម្រោងព្រលានយន្តហោះយក្សមួយនេះ។