681 ezgif.com resize
Swift cc time

ជនសង្ស័យជាង ២០០នាក់ ត្រូវបានបញ្ជូនទៅតុលាការ ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ គិតត្រឹម៣សប្តាហ៍ខែកុម្ភៈ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ក្នុងរយៈពេល ៣សប្ដាហ៍កន្លងមកនេះ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលជាតិនៃក្រសួងមហាផ្ទៃ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋានរហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌនៅទូទាំងប្រទេសយ៉ាងសស្រាក់សស្រាំ។ ជាលទ្ធផល ក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចបង្ក្រាបបាន១៥៧ករណី និងឃាត់ខ្លួនជនសង្ស័យសរុប ២១១នាក់ បញ្ជូនទៅកាន់តុលាការ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។

បើតាមរបាយការណ៍ បទល្មើសព្រហ្មទណ្ឌដែលសមត្ថកិច្ចបង្ក្រាបបាននោះ រួមមាន បទល្មើសអំពើហិង្សា ឆបោក លួច ឆក់ ប្លន់ ការបង្ខាំងមនុស្សទារប្រាក់ រំលោភសេពសន្ថវៈ ការបំពានផ្លូវភេទ មនុស្សឃាត និងមនុស្សឃាតដោយអចេតនា ជាដើម។ បទល្មើសទាំងនេះ បានកើតឡើងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងបណ្តាខេត្តចំនួនទៀត រួមមាន ខេត្តកណ្តាល កំពត កំពង់ស្ពឺ ព្រះសីហនុ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង រតនៈគិរី កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង និងខេត្តតាកែវ។

គួរបញ្ជាក់ផងដែរថា ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌនេះ គឺជាទិសដៅអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពទាំង ៦ ដែលលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសបង្កើនការយកចិត្តទុកដាក់ដោះស្រាយយ៉ាងម៉ឺងម៉ាត់ ចាប់តាំងពីដើមនីតិកាលទី៧ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីធានានូវសន្តិសុខ សុវត្ថិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ៕

Khcct banner

អត្ថបទទាក់ទង