681 ezgif.com resize
Swift cc time

«គ្រោះអគ្គិភ័យ» ឆាបឆេះរោងចក្រកែច្នៃកង់ឡានមួយកន្លែងនៅថៃ ខូចខាតអស់ជាង ៤០ លានបាត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ នៅព្រឹកព្រលឹមថ្ងៃទី២៧ ខែកុម្ភៈនេះ វេលាម៉ោង ៥:៣០ នាទី កងកម្លាំងសមត្ថកិច្ចថៃដឹកនាំដោយលោកវរសេនីយ៍ទោ Posepong Manta បានទទួលសេចក្តីរាយការណ៍អំពីគ្រោះអគ្គិភ័យដ៏ធំមួយ ដែលបានឆាបឆេះរោងចក្រកែច្នៃសំបកកង់ឡាន ស្ថិតក្នុងឃុំ Tha Sao ស្រុក Krathum Baen ខេត្តសាមុតសាខន (Samut Sakhon)។អណ្តាតភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅលើផ្ទៃដីរោងចក្រប្រមាណ ៣២០០ម៉ែត្រការ៉េ ដោយសារតែមានគំនរសំបកកង់ឡានចាស់ៗជាច្រើនដែលជាវត្ថុធាតុងាយឆេះបំផុត ជាហេតុធ្វើឱ្យមានផ្សែងខ្មៅហុយទ្រលោមពេញមេឃ និងពិបាកក្នុងការគ្រប់គ្រង។នេះបើតាមប្រព័ន្ធផ្សព្វផ្សាយថៃខាវស៊ត។

តាមការវាយតម្លៃបឋម គ្រោះមហន្តរាយនេះបានបង្កការខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈក្នុងរោងចក្រអស់ ជាង ៤០ លានបាត។

តាមការបញ្ជាក់ពីម្ចាស់រោងចក្រ ជាស្ត្រីជនជាតិថៃអាយុ ៤៦ ឆ្នាំ ដែលមានស្វាមីជាជនជាតិចិន បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងខណៈពេលដែលកម្មករប្រហែល ២០ នាក់កំពុងសម្រាក ប៉ុន្តែសំណាងល្អដែលក្មួយស្រីរបស់គាត់ភ្ញាក់ដឹងខ្លួនដោយសារអាកាសធាតុក្តៅ (ម៉ាស៊ីនត្រជាក់រលត់) រួចក៏ឃើញភ្លើងឆេះចេញពីទូបញ្ជាអគ្គិសនី ទើបនាំគ្នាដាស់កម្មករឱ្យរត់គេចខ្លួនចេញមកក្រៅដោយសុវត្ថិភាពទាំងអស់។

បច្ចុប្បន្ន អាជ្ញាធរថៃកំពុងធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកមូលហេតុពិតប្រាកដដែលនាំឱ្យមានការឆាបឆេះនេះ ខណៈដែលអាជ្ញាធរបានចល័តរថយន្តទឹកជាង ២០ គ្រឿង ដើម្បីឱ្យក្រុមពន្លត់អគ្គិភ័យទប់ស្កាត់កុំឱ្យភ្លើងរីករាលដាលទៅកាន់តំបន់ក្បែរខាងបន្តទៀត៕

Khcct banner

អត្ថបទទាក់ទង