ភ្នំពេញ៖ ជប៉ុន ផ្តល់ជំនួយថវិកាសរុបចំនួន ៣០៧,៧២០ ដុល្លារ ដល់កម្ពុជា សម្រាប់គម្រោងតម្លើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងគម្រោងសាងសង់អគារសាលាបឋមសិក្សាសម្តេចក្រុមព្រះ ក្នុងខេត្តស្ទឹងត្រែង។ ពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងនេះ ត្រូវបានប្រារព្វឡើងនៅស្ថានទូតជប៉ុន នៅថ្ងៃទី២៦ ខែកុម្ភៈ។
បើតាមស្ថានទូតជប៉ុនប្រចាំកម្ពុជាបានឲ្យដឹងថា ពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណិ លោកឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយសម្រាប់ “គម្រោងតម្លើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅភូមិចំនួន៩ ក្នុងឃុំកណ្តៀងរាយ ខេត្តស្វាយរៀង” ជាមួយលោកអគ្គនាយកនៃរដ្ឋាករទឹកខេត្តស្វាយរៀង និង “គម្រោងសាងសង់អគារសាលាបឋមសិក្សាសម្តេចក្រុមព្រះ ក្នុងខេត្តស្ទឹងត្រែង” ជាមួយលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង។
ស្ថានទូតជប៉ុន រំពឹងថាជំនួយឥតសំណងទាំងនេះ នឹងរួមចំណែកដល់ការពង្រឹងគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ និងលើកកម្ពស់ទំនាក់ទំនងជប៉ុន-កម្ពុជាបន្ថែមទៀត៕