ភ្នំពេញ៖ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តតាកែវ នឹងរៀបចំព្រឹត្តិការណ៍ ជិះកង់ ភ្នំពេញ-តាកែវ ចម្ងាយ ៧៨ គម ក្រោមប្រធានបទ “ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ក្នុង គោលបំណងអបអរទិវានារីអន្តរជាតិ ៨មីនា ជំរុញការផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍ប្រាសាទភ្នំជីសូរ្យ។
ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ដោយចេញដំណើរពីទីស្តីការក្រសួងទេសចរណ៍វេលាម៉ោង ៥:០០ នាទីព្រឹក ឆ្ពោះទៅទីរួមខេត្តតាកែវ ក្នុងគោលបំណងអបអរទិវានារីអន្តរជាតិ ៨មីនា ជំរុញការផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍ប្រាសាទភ្នំជីសូរ្យ និងបង្ហាញពីការឯកភាពជាតិ សាមគ្គីភាពផ្ទៃក្នុងរឹងមាំ ព្រមទាំងឧបត្ថម្ភសម្ភារសិក្សាដល់សិស្សានុសិស្សខ្វះខាត។
ការចុះឈ្មោះជិះកង់ ភ្នំពេញ-តាកែវនេះ មិនតម្រូវឱ្យបង់ថវិកានោះទេ ដោយអ្នកចូលរួមចុះឈ្មោះដំបូង ៧០០នាក់ ទទួលបានអាវយឺតចំនួន ១ ដោយឡែកចំពោះអ្នកចុះឈ្មោះ ចាប់ពីលេខរៀង ៧០១ មិនទទួលបានអាវយឺត ប៉ុន្តែអាចចូលរួមបាន (ចំពោះអ្នកចូលរួមទទួលបាន អាហារសម្រន់ពេលព្រឹក ភេសជ្ជៈ និងអាហារថ្ងៃត្រង់)។
អ្នកចុះឈ្មោះចំនួន ៧០០នាក់ ដំបូងអាចមកទទួលយកអាវយឺតព្រឹត្តិការណ៍ជិះកង់នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ នាទី ដល់ម៉ោង ១៧:០០ នាទី នៅទីស្តីការក្រសួងទេសចរណ៍។ អ្នកចូលរួមព្រឹត្តិការណ៍ជិះកង់ដែលមានបំណងឡើងទស្សនាភ្នំជីសូរ្យ ត្រូវមានស្បែកជើងប៉ាតាសម្រាប់ឡើងភ្នំ និងអ្នកចូលរួមត្រូវត្រៀមកង់ដោយខ្លួនឯង។
សម្រប់អ្នកដែលមានចំណាប់អារម្មណ៍ចូលរួម សូមចុះឈ្មោះឱ្យបានទាន់ពេលវេលាតាមរយៈ QR Code ខាងក្រោម ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦៕