អ៊ីស្លាម៉ាបាដ៖ ប៉ាគីស្ថានបានបំផ្ទុះគ្រាប់បែកលើទីក្រុងធំៗនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន រួមទាំងរដ្ឋធានីកាប៊ុល កាលពីថ្ងៃសុក្រ ការបំផ្ទុះនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងកងកម្លាំងអាហ្វហ្គានីស្ថានដែលបានវាយប្រហារកងទ័ពព្រំដែនប៉ាគីស្ថាននៅយប់ថ្ងៃព្រហស្បតិ៍ ដែលរដ្ឋាភិបាលតាលីបង់បានចាត់ទុកការវាយប្រហារនេះ ជាការសងសឹកចំពោះការវាយប្រហារតាមអាកាសដ៏សាហាវពីមុនមក តាមអាកាសលើមូលដ្ឋានយោធាអាហ្វហ្គានីស្ថានក្នុងខេត្ត Kabul, Kandahar និង Paktia។
អ្នករាយការណ៍ AFP នៅទីក្រុងកាប៊ុលបានគូសបញ្ជាក់ថាបានឮសំឡេងផ្ទុះ និងសំឡេងយន្តហោះចម្បាំងពីលើអាកាសជាច្រើនគ្រឿង។ យោធាប៉ាគីស្ថានបានចោទប្រកាន់អាហ្វហ្គានីស្ថានថាបរាជ័យក្នុងការធ្វើសកម្មភាពប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលធ្វើការវាយប្រហារនៅក្នុងប្រទេសប៉ាគីស្ថាន។
យោធាទាំងពីរបានអះអាងរៀងៗខ្លួនថា ពួកគេបានសម្លាប់ទាហានរាប់សិបនាក់នៅក្នុងជុំចុងក្រោយនៃអំពើហិង្សាតាមព្រំដែន ដែលបានធ្វើឡើងបន្ទាប់ពីការវាយប្រហាររបស់ប៉ាគីស្ថានជាច្រើនលើកលើប្រទេសអាហ្វហ្គានីស្ថាន និងការប៉ះទង្គិចគ្នាតាមបណ្តោយព្រំដែនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថាន លោក អាតទូឡាហ៍ តារ៉ារ បានបង្ហោះនៅលើសង្គម X «គោលដៅការពារជាតិតាលីបង់អាហ្វហ្គានីស្ថានត្រូវបានកំណត់គោលដៅនៅក្នុងទីក្រុងកាប៊ុល ខេត្តប៉ាក់ទីយ៉ា និងខេត្តកាន់ដាហា» ខណៈដែលរដ្ឋមន្ត្រីក្រសួងការពារជាតិប៉ាគីស្ថាន លោក ខាវ៉ាចា អាស៊ីហ្វ បានប្រកាស «ការប្រឈមមុខដាក់គ្នាទាំងស្រុង»ជាមួយអាហ្វហ្គានី លោកថាការអត់ធ្មត់របស់យើងបានឈានដល់ដែនកំណត់ហើយ ឥឡូវនេះវាជាសង្គ្រាមបើកចំហរវាងយើងទាំងពីរ។
គួររម្លឹកថាទំនាក់ទំនងរវាងប្រទេសទាំងពីរបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយច្រកព្រំដែនគោកភាគច្រើនត្រូវបានបិទចាប់តាំងពីការប្រយុទ្ធគ្នាដ៏សាហាវកាលពីខែតុលា ដែលបានសម្លាប់មនុស្សជាង ៧០ នាក់៕