កោះកុង៖ ក្រសួងបរិស្ថាន តាមរយៈគម្រោងបន្ស៊ាំនិងភាពធន់នឹងអាកាសធាតុនៃសហគមន៍អាស្រ័យលើធនធានជលផលនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា (CamAdapt) នៅថ្ងៃទី២៦ ខែកុម្ភៈ បានលែងកូនក្តាមថ្ម៤០០គីឡូក្រាម ស្មើនឹងប្រមាណ៨០០០ក្បាល ចូលទៅក្នុងធម្មជាតិ ក្នុងសហគមន៍តំបន់ការធម្មជាតិ ពាមក្រសោប និងសហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ដើម្បីស្តារធនធានជលផល ពង្រឹងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរកម្ពុជា និងលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ។
លោក ស៊ុយ ធា ប្រធាននាយកដ្ឋានអភិរក្សនិងតំបន់ឆ្នេរនិងសមុទ្រ អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន បានឱ្យដឹងថា សកម្មភាពលែងក្តាមថ្មនាថ្ងៃនេះ ក្នុងគោលបំណង បង្កើនធនធានក្តាមថ្មនៅក្នុងតំបន់សមុទ្រ ក៏ដូចជា ការអប់រំណែនាំដល់ពលរដ្ឋសហគមន៍ ចូលរួមថែរក្សាការពារធម្មជាតិ ដូចជាព្រៃកោងកាង និងជនធានជីវៈចម្រុះនៅក្នុងព្រៃកោងកាង នៅក្នុងតំបន់ការពារធម្មជាតិ ឱ្យមានភាពល្អប្រសើរ និងជាកន្លែងស្តុកធនធានសមុទ្រ បង្កើនការចូលរួមការពារធនធានសមុទ្រក៏ដូចជាធនធានជីវចម្រុះនៅក្នុងតំបន់ព្រៃកោងកាង និងការដកហូតធនធានសមុទ្រប្រកបដោយចីរភាព។
ចំណែក លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក៏បានលើកឡើងដែរថា ការអភិរក្សធនធានធម្មជាតិមានសារៈសំខាន់សម្រាប់ប្រព័ន្ធអេកូឡូស៊ី និងផ្តល់ចំណូលសេដ្ឋកិច្ចក្មូលដ្ឋានរបស់ប្រជាពលរដ្ឋ ទើបមានការលែងក្តាមទាំងនេះចូលទៅព្រៃកោងកាង ដែលជាជម្រករបស់ពួកវា។ លោក ក៏ស្នើដល់ពលរដ្ឋចូលរួមការពារអភិរក្សធនធានជលផលដែលកំពុងមានបន្ថែមទៀតទៅអនាគត ចៀសវាងការនេសាទខុសច្បាប់ហាមឃាត់ក្នុងតំបន់ការពារធម្មជាតិ៕