681 ezgif.com resize
Swift cc time

ក្រសួងការងារ និងធនាគារ ADB ឯកភាពគ្នាបន្តលើកកម្ពស់វិស័យ TVET ឱ្យស្របតាមតម្រូវការទីផ្សារការងារនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ)

ភ្នំពេញ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើការពង្រឹង និងពង្រីកកិច្ចសហការលើកកម្ពស់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងការអភិវឌ្ឍជំនាញ ឱ្យស្របតាមតម្រូវការនៃការវិវត្តរចនាសម្ព័ន្ធសេដ្ឋកិច្ច និងទីផ្សារការងារកម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគត។ កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងរវាងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក Nianshan Zhang អគ្គនាយកនៃនាយកដ្ឋានប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក ហេង សួរ បានលើកឡើងពីសារៈសំខាន់វិស័យ TVET និងបានគូសបញ្ជាក់ថា តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រជាមួយ ADB កម្ពុជាបានជួយយុវជនជាច្រើនឱ្យទទួលបានជំនាញ លើកកម្ពស់សមត្ថភាពល្អជាងមុន និងទទួលបានការងារល្អប្រសើរ បន្ទាប់ពីបញ្ចប់ការបណ្តុះបណ្តាល បង្កើនចំណូល និងចូលរួមកាត់បន្ថយភាពក្រីក្រ។

លោក Zhang បានគូសបញ្ជាក់ថា ADB និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារមានទំនាក់ទំនងរឹងមាំដ៏យូរអង្វែង ដែលសម្រេចបានសមិទ្ធផលជាច្រើន ហើយ ADB តែងតែផ្តល់អាទិភាពខ្ពស់ដល់ការជំរុញលើកកម្ពស់វិស័យ TVET ជានិច្ច និងត្រៀមខ្លួនជាស្រេចក្នុងការបន្តកិច្ចសហការ។

ជាចុងក្រោយ រដ្ឋមន្រ្តីក្រសួងការងារ បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា កិច្ចសហការនេះនឹងបន្តរីកចម្រើន និងជំរុញកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាប្រកបដោយនិរន្តរភាព៕


Khcct banner

អត្ថបទទាក់ទង