ថៃ៖ ការនាំចេញអង្កររបស់ប្រទេសថៃបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែមករា ដែលបង្កើនការព្រួយបារម្ភថាការដឹកជញ្ជូន និងលក់ចេញនៅឆ្នាំ២០២៦ អាចនឹងធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលប្រាំឆ្នាំខាងមុខនេះទៀត ដោយសារតែប្រាក់បាតឡើងថ្លៃខ្លាំង និងការប្រកួតប្រជែងទូទាំងពិភពលោកកាន់តែកើនឡើង។
ថ្លែងប្រាប់កាសែតថៃខោស៊ត លោក Chookiat Ophaswongse ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃ បាននិយាយថា ការនាំចេញអង្ករក្នុងខែមករាមានចំនួនសរុប ៥៣០,០០០ តោន ធ្លាក់ចុះ ១៧.៥% ពីមួយឆ្នាំទៅមួយឆ្នាំ ដោយតម្លៃនាំចេញធ្លាក់ចុះ ៣០.៧% មកនៅត្រឹម ៩.៧ ពាន់លានបាត។ លោកថាការដឹកជញ្ជូនត្រូវបានគេរំពឹងថានឹងមានជាមធ្យមប្រហែល ៥០០,០០០ តោនក្នុងមួយខែរហូតដល់ពាក់កណ្តាលឆ្នាំតែការពិតមិនដូចអ្វីដែលគេរំពឹងទុកឡើយ។
លោកគូសបញ្ជាក់ទៀតថាសមាគមព្យាករណ៍ថាការនាំចេញអង្ករសរុបនៅឆ្នាំ២០២៦ មានចំនួន ៧.០៣ លានតោន ធ្លាក់ចុះ ១១% ពី ៧.៩ លានតោនក្នុងឆ្នាំ២០២៥ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលប្រាំឆ្នាំ។ តម្លៃនាំចេញត្រូវបានព្យាករថានឹងមានចំនួន ១៣០-១៤០ ពាន់លានបាត ដែលជាការធ្លាក់ចុះ ១២,៣%។
លោក Chookiat Ophaswongse បានឲ្យដឹងទៀតថាកត្តាហានិភ័យធំៗចំនួនប្រាំ ក្នុងចំណោមកត្តាទាំងនោះ គឺការកើនឡើងនៃប្រាក់បាត សម្ពាធផ្សេងទៀតរួមមានពន្ធនាំចូលបណ្តោះអាសន្នរបស់សហរដ្ឋអាម៉េរិកក្រោមមាត្រា ១២២ ដែលដាក់ពន្ធលើតម្លៃសរុប ១៥% រយៈពេល ១៥០ ថ្ងៃ ដែលអាចកាត់បន្ថយការនាំចេញអង្ករផ្កាម្លិះរបស់ថៃទៅកាន់សហរដ្ឋអាម៉េរិកពី ១៥-២០%។ ការផ្គត់ផ្គង់លើសតម្រូវការទូទាំងពិភពលោក រួមទាំងការរឹតត្បិតការនាំចូលលក់នៅក្នុងប្រទេសឥណ្ឌាជាដើម៕