ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសន្យានៅចំពោះមុខមន្រ្តីកូរ៉េខាងជើងរាប់សិបនាក់ថាក្នងការបន្តជាប់ឆ្នោតជាប្រធានគណបក្សពលករលោកនឹងផ្តោតលើការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ហើយលោកក៏រំពឹងថានឹងមានការកែលម្អទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិកឡើងវិញ តែរឿងនេះធ្វើទៅរួចគឺអាស្រ័យទាំងស្រុងលើអាកប្បកិរិយារបស់អាម៉េរិកខ្លួនឯង។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ។
យោងតាម KCNA លោកគីម បានគូសបញ្ជាក់ថាវាជាឆន្ទៈដ៏មុតមាំរបស់គណបក្សយើងក្នុងការពង្រីក និងពង្រឹងថាមពលនុយក្លេអ៊ែរជាតិរបស់យើងបន្ថែមទៀត និងអនុវត្តតួនាទីរបស់ខ្លួនជារដ្ឋនុយក្លេអ៊ែរយ៉ាងហ្មត់ចត់ និងច្បាស់លាស់ដើម្បីការពារជាតិមាតុភូមិរបស់យើង ដោយើងនឹងផ្តោតលើគម្រោងដើម្បីបង្កើនចំនួនអាវុធនុយក្លេអ៊ែរ និងពង្រីកមធ្យោបាយប្រតិបត្តិការនុយក្លេអ៊ែរ។
លោកគីមក៏បានដាក់ចេញផែនការរបស់កូរ៉េខាងជើងក្នុងការអភិវឌ្ឍមីស៊ីលផ្លោងអន្តរទ្វីបដ៏រឹងមាំជាងមុន រួមទាំងមីស៊ីលដែលអាចបាញ់ចេញពីក្រោមទឹក ប្រព័ន្ធវាយប្រហារដោយប្រើបញ្ញាសិប្បនិម្មិត និងយន្តហោះគ្មានមនុស្សបើកបន្ថែមទៀត។
គួររម្លឹកថាសមាជលើកទីប្រាំបួនរយៈពេលមួយសប្តាហ៍របស់កូរ៉េខាងជើងនៃគណបក្សពលករដែលកំពុងកាន់អំណាច បានបញ្ចប់ដោយក្បួនដង្ហែយោធានៅរដ្ឋធានីព្យុងយ៉ាងកាលពីថ្ងៃពុធ ដោយលោកគីមជុងអ៊ុនត្រូវបានគេបោះឆ្នោតឲ្យបន្តកាន់តំណែងជាប្រធានបក្សពលករ៕