681 ezgif.com resize
Swift cc time

ក្រុមហ៊ុនអគ្គិសនីបារាំង មានបំណងបោះទុនវិនិយោគជាង ១,២ ពាន់លានដុល្លារ «លើគម្រោងវារីអគ្គិសនីទំហំ ៨០០ មេហ្កាវ៉ាត់» នៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ទីស្ដីការគណៈរដ្ឋមន្រ្តី)

ភ្នំពេញ៖ ក្រុមហ៊ុនអគ្គិសនីបារាំង (EDF) មានបំណងធ្វើការវិនិយោគគម្រោងវារីអគ្គិសនីដ៏ធំមួយ ទំហំ ៨០០ មេហ្កាវ៉ាត់នៅកម្ពុជា ដែលត្រូវចំណាយទុនធំរហូតដល់ជាង ១ ២០០ លានដុល្លារអាម៉េរិក។ នេះជាការលើកឡើងរបស់តំណាងក្រុមហ៊ុន EDF ក្នុងកិច្ចពិភាក្សាការងារជាមួយលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី នាពេលថ្មីៗនេះ។

លោក វង្សី វិស្សុត បានលើកឡើងថា ទីស្តីការគណៈរដ្ឋមន្រ្តីមានសេចក្តីរីករាយក្នុងការផ្តល់កិច្ចសម្របសម្រួលតាមដែលអាចធ្វើទៅបាន ក្នុងមុខងាររបស់ខ្លួន ដើម្បីភាពជោគជ័យនៃគម្រោងវិនិយោគដែលត្រូវចំណាយទុនធំរហូតដល់ជាង ១ ២០០ លានដុល្លារអាម៉េរិក ព្រោះគម្រោងវិនិយោគនេះ គឺជានិមិត្តរូបសបញ្ជាក់ឱ្យឃើញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារំាង។

លោក Erkki Maillard អនុប្រធានជាន់ខ្ពស់ទទួលបន្ទុករដ្ឋាភិបាល និងកិច្ចការអន្តរជាតិ នៃក្រុមហ៊ុន EDF បានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន EDF ក្នុងការកសាងភាពជាដៃគូរយៈពេលវែងជាមួយកម្ពុជា ជាជាងការផ្តល់ត្រឹមតែឧបករណ៍ ឬបច្ចេកវិទ្យា និងបានសង្កត់ធ្ងន់ថា ហេដ្ឋារចនាសម្ព័ន្ធថាមពលទ្រង់ទ្រាយធំ ដូចជាវារីអគ្គិសនី ត្រូវដំណើរការជាច្រើនទសវត្សរ៍ ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការដ៏រឹងមាំមួយ។ លោកបានបន្តថាក្រុមហ៊ុន EDF ប្រកាន់ខ្ជាប់ចំពោះស្តង់ដាអន្តរជាតិខ្ពស់បំផុតទាក់ទិននឹងបញ្ហាសុវត្ថិភាព និងសន្តិសុខប្រតិបត្តិការ, ការការពារបរិស្ថាន និងសង្គម, អភិបាលកិច្ច និងអនុលោមភាព, និងឧត្តមភាពបច្ចេកទេស។

លោក វង្សី វិស្សុត ក៏បានសង្កត់ធ្ងន់ទៅលើភាពប្រទាក់ក្រឡារវាងថ្លៃថាមពលអគ្គិសនី (Tariff) និងថ្លៃដើមនៃការផលិត (Cost) ព្រោះថាមពលដែលមានថ្លៃសមរម្យ នឹងជួយលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា និងជួយជំរុញវិស័យឧស្សាហកម្ម, ផលិតកម្ម, ការកែច្នៃកសិ-ឧស្សាហកម្ម, តំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្ម ក៏ដូចជារួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាជនដែលជាអ្នកប្រើប្រាស់។

ជាចុងក្រោយ លោក វង្សី វិស្សុត បានគូសបញ្ជក់ពីការស្វាគមន៍ចំពោះកិច្ចសន្ទនានានាជាមួយប្រទេសបារាំងលើកិច្ចសហប្រតិបត្តិការថាមពល និងគម្រោងវិនិយោគរបស់ EDF នៅកម្ពុជា ព្រោះវិនិយោគនេះស្របគ្នានឹងគោលបំណងរបស់កម្ពុជា ក្នុងការធ្វើពិពិធកម្មប្រភពវិនិយោគបរទេសក្នុងវិស័យថាមពល ដើម្បីបង្កើនភាពធន់ និងតុល្យភាពយុទ្ធសាស្ត្រ ក៏ដូចជាដើម្បីរួមចំណែកធានាបាននូវសន្តិសុខថាមពល និងការកាត់បន្ថយថ្លៃអគ្គិសនី សំដៅបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង៕

(រូបតំណាង)


Khcct banner

អត្ថបទទាក់ទង