681 ezgif.com resize
Swift cc time

ប្រាប់ AFP នាយករដ្ឋមន្ត្រីកម្ពុជា ចង់បានព្រំដែនជាមួយថៃដែលកើតចេញពីការវាស់វែងផ្អែកលើ«ឯកសារ និងផែនទី»ដែលឯកភាពគ្នា ដើម្បីសន្តិភាពយូរអង្វែង

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
សម្តេច ហ៊ុន ម៉ាណែត ក្នុងបទសម្ភាសជាមួយទីភ្នាក់ងារព័ត៌មានបារាំង AFP ពីទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក

ព្រុចសែល៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៥ ខែកុម្ភៈ បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថាកម្ពុជាចង់បានព្រំដែនជាមួយថៃ ដែលកើតចេញពីការវាស់វែងផ្អែកលើ«ឯកសារ និងផែនទី»ដែលឯកភាពគ្នា ដើម្បីសន្តិភាពយូរអង្វែង។ ទន្ទឹមនេះសម្តេចក៏បានបញ្ជាក់ដែរថា កម្ពុជាចង់បានការបន្ធូរបន្ថយភាពតានតឹង និងដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនជាមួយថៃ បន្ទាប់ពីទីក្រុងបាងកកក្នុងសប្តាហ៍នេះ បានចោទប្រកាន់មកលើកម្ពុជាអំពីការរំលោភបទឈប់បាញ់ ដែលសម្រេចបានកាលពីខែធ្នូ ចុងឆ្នាំមុន។

ថ្លែងប្រាប់ AFP ពីទីក្រុងព្រុចសែល ក្នុងបទសម្ភាសន៍ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដ៏កម្រនេះ សម្តេច ហ៊ុន ម៉ាណែត លើកឡើងយ៉ាងដូច្នេះថា៖ «យើងមិនមែនកំពុងបង្កើនជម្លោះទេ។ យើងចង់បន្ធូរបន្ថយជម្លោះ។ យើងចង់បានការរួមរស់ជាមួយគ្នាដោយសុខសន្តិភាព»។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តីក៏បានបដិសេដការចោទប្រកាន់របស់ថៃ ថាកងកម្លាំងកម្ពុជា បានបាញ់គ្រាប់បែកដៃ នៅជិតក្រុមល្បាតថៃ កាលពីថ្ងៃអង្គារ ដែលបណ្តាលឱ្យមានការបាញ់តបវិញ។

តាមរយៈកិច្ចសម្ភាសនេះ សម្តេច ហ៊ុន ម៉ាណែត បានលាតត្រដាងប្រាប់ទៅ AFP ឲ្យបានដឹងថា យោធាថៃបានរំលោភកាន់កាប់លើទឹកដីកម្ពុជា ហួសឆ្ងាយពីចំណុចដែលទីក្រុងបាងកកខ្លួនឯងអះអាងជា ខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរទៅទៀត។ នៅពេលសួរថា តើកងកម្លាំងកម្ពុជានឹងប្រយុទ្ធ ដើម្បីដណ្តើមយកទឹកដីដែលបាត់បង់មកវិញដែរឬទេ សម្តេច ហ៊ុន ម៉ាណែត បានឆ្លើយតបថា «យើងតែងតែប្រកាន់ខ្ជាប់នូវដំណោះស្រាយបន្ធូរបន្ថយភាពតានតឹង និងសន្តិភាព»។

ជាមួយគ្នានេះ កម្ពុជា បានស្នើសុំជំនួយពីបារាំង និងការផ្តល់ឯកសារប្រវត្តិសាស្ត្រ និងផែនទីនានា ក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហានេះ ហើយបានអំពាវនាវឱ្យគណៈកម្មការព្រំដែនរួមមួយ បន្តការងារលើបញ្ហានេះ។ សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងថា ទោះលទ្ធផលនៃកិច្ចការងារនេះចេញមកបែបណាក៏ដោយ កម្ពុជានឹងព្រមទទួលយក ហើយសម្តេចនាយករដ្ឋមន្រ្តីសង្ឃឹមថាភាគីថៃនឹងព្រមទទួលយកដូចគ្នា៕

Khcct banner

អត្ថបទទាក់ទង