អាម៉េរិក៖ អតីតអ្នកបើកយន្តហោះចម្បាំងកងទ័ពអាកាសអាម៉េរិកម្នាក់ដែលធ្លាប់បណ្តុះបណ្តាលសមាជិកកងទ័ពអាម៉េរិកលើយន្តហោះចម្បាំងទំនើបៗចុងក្រោយ រួមទាំងយន្តហោះ F-35 ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទបណ្តុះបណ្តាលអ្នកបើកយន្តហោះយោធាចិនដោយខុសច្បាប់។ នេះបើយោងតាមរដ្ឋអាជ្ញាសហព័ន្ធបានប្រកាសកាលពីថ្ងៃពុធ។ ក្រសួងយុត្តិធម៌ (DOJ) បានបញ្ជាក់ថា លោក Gerald Eddie Brown Jr. ត្រូវបានឃុំខ្លួននៅតំបន់ Jeffersonville រដ្ឋ Indiana ហើយត្រូវបានចោទប្រកាន់ពីបទផ្តល់ និងឃុបឃិតគ្នាផ្តល់សេវាកម្មការពារជាតិដល់អ្នកបើកយន្តហោះយោធាចិនដោយគ្មានការអនុញ្ញាត។
រដ្ឋអាជ្ញាបានសម្រេចចោទប្រកាន់ថា លោក Brown បានរំលោភលើច្បាប់គ្រប់គ្រងការនាំចេញអាវុធ ដែលជាច្បាប់សហព័ន្ធដែលគ្រប់គ្រងការនាំចេញសម្ភារៈការពារជាតិ សេវាកម្ម និងបច្ចេកវិទ្យាយោធារបស់សហរដ្ឋអាម៉េរិក ហើយតម្រូវឱ្យមានការយល់ព្រមពីរដ្ឋាភិបាលមុនពេលពួកគេអាចចែករំលែកជាមួយរដ្ឋាភិបាលបរទេស ឬពលរដ្ឋបាន។
លោក John A. Eisenberg ជំនួយរដ្ឋអាជ្ញាទទួលបន្ទុកសន្តិសុខជាតិបានមានប្រសាសន៍ថា កងទ័ពអាកាសសហរដ្ឋអាម៉េរិកបានបណ្តុះបណ្តាលឧត្តមសេនីយ៍ Brown ឱ្យក្លាយជាអ្នកបើកយន្តហោះចម្បាំងវរជន និងបានប្រគល់ភារកិច្ចឱ្យគាត់ការពារប្រទេសជាតិរបស់យើង។ លោកបន្តថាឥឡូវនេះលោក ត្រូវបានចោទប្រកាន់ពីបទបណ្តុះបណ្តាលអ្នកបើកយន្តហោះយោធាចិន មិនថាពលរដ្ឋអាម៉េរិក យោធា ឬជនស៊ីវិឡើយ ដែលហានផ្តល់ការបណ្តុះបណ្តាលដល់យោធាបរទេស សកម្មភាពនោះគឺខុសច្បាប់ លុះត្រាតែពួកគេមានអាជ្ញាប័ណ្ណពីក្រសួងការបរទេស។
ក្រសួងយុត្តិធម៌ចោទប្រកាន់ថាចាប់តាំងពី ខែសីហា ឆ្នាំ២០២៣ លោក Brownបានឃុបឃិតដោយចេតនាជាមួយជនបរទេស និងពលរដ្ឋអាម៉េរិកផ្សេងទៀត ដើម្បីផ្តល់ការបណ្តុះបណ្តាលការបើកបរយន្តហោះចម្បាំងដល់កងទ័ពអាកាសចិន ដែលត្រូវបានគេស្គាល់ថាជាកងទ័ពអាកាសរំដោះប្រជាជន (PLAAF)ចិន។ រដ្ឋអាជ្ញាបានអះអាងទៀតថា ការបណ្តុះបណ្តាលនោះតម្រូវឱ្យមានការយល់ព្រមពីក្រសួងការបរទេស ក្រោមបទប្បញ្ញត្តិនាំចេញរបស់សហព័ន្ធ ហើយលោក Brown មិនមានអាជ្ញាប័ណ្ណដើម្បីផ្តល់ការបង្ហាត់បង្រៀនដល់យោធាបរទេសទេ។
គួររម្លឹកថាលោក Gerald Eddie Brown Jr. បានបម្រើការជាង ២៤ ឆ្នាំនៅក្នុងកងទ័ពអាកាសសហរដ្ឋអាម៉េរិកដោយមានឋានៈជាវរសេនីយ៍ឯក ក្នុងអាជីពការងារបស់លោក លោកបានបញ្ជាអង្គភាពដែលទទួលខុសត្រូវចំពោះប្រព័ន្ធចែកចាយអាវុធនុយក្លេអ៊ែរ ដឹកនាំបេសកកម្មប្រយុទ្ធ និងធ្វើការជាអ្នកបើកយន្តហោះចម្បាំង និងជាគ្រូបង្វឹកយន្តហោះ រួមទាំងយន្តហោះ F-4, F-15, F-16 និង A-10 ជាដើម៕