ភ្នំពេញ៖ អង្គការ UNESCO ប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តគាំទ្រកម្ពុជាក្នុងការអភិរក្ស និងលើកកម្ពស់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិដែលជាសក្តានុពលដ៏សម្បូរបែប និងជាគោលដៅទេសចរណ៍ដ៏ខ្លាំងក្លាដែលកម្ពុជាមាន។ ការគូសបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។
លោក Flavio Bonetti តំណាងអង្គការ UNESCO ប្រចាំកម្ពុជា បានបញ្ជាក់ជំហរសហការបន្ថែមទៀតជាមួយក្រសួងទេសចរណ៍ដើម្បីអភិវឌ្ឍទេសចរណ៍វប្បធម៌-បេតិកភណ្ឌ និងចាត់ទុកទេសចរណ៍ជាមូលបទសំខាន់មួយសម្រាប់ព្រឹត្តការណ៍អបអរសាទរខួបទី៧៥ឆ្នាំនៃសមាជិកភាពរបស់កម្ពុជា។
ជាមួយគ្នានេះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់លោក Flavio Bonetti និងសហការីរបស់អង្គការសហប្រជាជាតិ UNESCO ប្រចាំកម្ពុជា ចំពោះការគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍រហូតមកក្នុងការលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍វប្បធម៌ បេតិកភណ្ឌ និងធម្មជាតិ ប្រកបដោយចីរភាព ស្របតាមស្តង់ដាអន្តរជាតិ និងបរិបទជាក់លាក់របស់កម្ពុជា ព្រមទាំងគំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការដែលកំពុងអនុវត្ត និងគ្រោងអនុវត្តនានា ដែលជាចំណែកសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានស្នើសុំការគាំទ្របន្ថែមពី UNESCO ក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិ ការផ្តល់ជំនួយបច្ចេកទេសសម្រាប់ការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌជាពិសេស និងបន្ទាន់គឺប្រាសាទព្រះវិហារ។
លោកក៏បានស្នើជំនួយបច្ចេកទេសដល់ក្រសួងទេសចរណ៍ ក្នុងការចុះបញ្ជីទីក្រុងកំពត ទីរួមខេត្តក្រចេះ និងខេត្តរតនគិរីក្នុងបណ្តាញទីក្រុងបណ្តាញទីក្រុងច្នៃប្រឌិតរបស់ UNESCO ព្រមទាំងការបញ្ចូលវិស័យទេសចរណ៍ជាមូលបទសំខាន់មួយក្នុងអបអរសាទរខួបលើកទី៧៥ នៃការចូលជាសមាជិក UNESCO របស់កម្ពុជា នាឆ្នាំ២០២៦។
គួរបញ្ជាក់ថា ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការ UNESCO តាំងពីឆ្នាំ១៩៥១ ដែលគិតមកដល់ឆ្នាំ២០២៦ នេះ មានរយៈពេល ៧៥ឆ្នាំ ហើយក៏ជាខួបលើកទី៣៥ នៃការបើកការិយាល័យ UNESCO ប្រចាំកម្ពុជាឡើងវិញនាឆ្នាំ១៩៩១។ នេះបើតាមក្រសួងទេសចរណ៍៕