ភ្នំពេញ៖ សិស្សថ្នាក់ទី១២បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រឡងបាក់ឌុបដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ សិស្សភាគច្រើនបានលើកឡើងយ៉ាងដូច្នេះថា ចំពោះការប្រឡងបាក់ឌុបនៅដើមឆ្នាំ២០២១ ពួកគេមានទំនុកចិត្ត និងសង្ឃឹមច្រើន ព្រោះរយៈពេលនៃការរៀនត្រៀមសម្រាប់ប្រឡងរបស់ពួកគេបានគ្រប់គ្រាន់ ទោះបីជានៅក្នុងបរិបទនៃការឆ្លងនៃវីរុសកូវីដ១៩ ដោយមានការបិទសាលាជាច្រើនលើក និងផលលំបាកនៃការរៀនតាមប្រព័ន្ធអនឡាញក្តី ប៉ុន្តែពួកគេនៅតែបន្តការខិតខំប្រឹងប្រែងរៀនដោយខ្លួនឯងបន្ថែម និងត្រៀមខ្លួនសម្រាប់ការប្រឡងនៅដើមឆ្នាំ២០២១។
យុវតី ឈន ឡៃហ័ង ជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យព្រះសីហនុ(ខេត្តកំពង់ចាម) បាននិយាយថា សម្រាប់ការប្រឡងបាក់ឌុបខាងមុននេះ ហាក់ដូចជាមានទំនុកចិត្តខ្ពស់ព្រោះខ្លួនបានរៀនត្រៀមច្រើនសម្រាប់ការប្រឡងមួយនេះ ពោលតាំងពីដើមឆ្នាំរហូតដល់ចុងឆ្នាំ។ ទោះបីជាស្ថិតក្នុងស្ថានភាពនៃការរាតត្បាតនៃកូវីដ១៩ក៏ដោយ ក៏យុវតីរូបនេះនៅតែមិនភ្លេចនៅការខិតខំរៀនសូត្រទាំងតាមប្រព័ន្ធអនឡាញ និងការសិក្សាដោយខ្លួនឯងជារៀងរាល់ថ្ងៃ។ យុវតី ឈន ឡៃហ័ង បានបន្តថា «ចំពោះកាលវិភាគរៀនត្រៀមប្រឡងខ្ញុំ មានដូចជា ពេលថ្ងៃខ្ញុំចំណាយពេលសម្រាប់ធ្វើលំហាត់វិញ្ញាសាចាស់ៗចាប់ពីឆ្នាំ២០១៤ដល់២០១៩ ហើយចំណែកពេលយប់និងពេលព្រឹក ចំណាយពេលសម្រាប់មុខវិជ្ជាមេរៀន។
យុវជន ស៊ន តុលា ជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យជីភូ (ខេត្តស្វាយរៀង) បាននិយាយប្រាប់ស៊ីស៊ីថាមស៍ថា រូបគេមានសង្ឃឹមជាប់ច្រើនដែរ សម្រាប់ការប្រឡងបាក់ឌុបខាងមុននេះ ព្រោះបានរៀនត្រៀមច្រើនសម្រាប់ការប្រឡងមួយនេះពេញមួយឆ្នាំ។ យុវជន ស៊ន តុលា បានលើកឡើងថា«សម្រាប់ខ្ញុំផ្ទាល់ គិតថាការប្រឡងនឹងសំខាន់ខ្លាំង តែខ្ញុំគ្រាន់ប្រាប់ខ្លួនឯងថាការប្រឡងនេះប្រៀបដូចជាស្ថានភាពប្រលងប្រចាំខែឬឆមាស ទើបមិនសូវឲ្យយើងមានសំពាធ។ សម្រាប់ខ្ញុំគឺបើសិនជាវិញ្ញាសាកម្រិត៤ឆ្នាំចុងក្រោយនេះខ្ញុំសង្ឃឹមប្រហែល៨០% ព្រោះគិតខ្លាចថាវិញ្ញាសាមានការប្រែប្រួលខុសពីរាល់ឆ្នាំចឹង។»
ចំណែក យុវតី គង់ ធីតា ជាសិស្សថ្នាក់ទី១២នៅវិទ្យាល័យជីភូ (ខេត្តស្វាយរៀង) បាននិយាយថា សម្រាប់ការប្រឡងបាក់ឌុបខាងមុននេះ ខ្លួនហាក់ដូចជាមិនមានការភ័យព្រួយខ្លាំងទេ ព្រោះខ្លួនជឿជាក់លើសមត្ថភាពរបស់ខ្លួនឯងតាមរយៈការខិតខំរៀនទាំងការរៀនតាមប្រព័ន្ធអនឡាញ និងការខំស្វ័យសិក្សារបស់ខ្លួនកន្លងមក។ យុវតី គង់ ធីតា បាននិយាយថា « ខ្ញុំតែងតែខិតខំរៀនជារៀងរាល់ថ្ងៃ មិនថាទាំងមុខវិជ្ជាលំហាត់និងមេរៀន។ ថ្វីត្បិតតែការរៀនតាមអនឡាញ និងការរៀនបន្ថែមខ្លូនឯងមានការលំបាកក៏ពិតមែន ប៉ុន្តែខ្ញុំមិនដែលធ្វេសប្រហែស ឬបោះបង់ការសិក្សាឡើយ ពោលខ្ញុំនៅតែបន្តការខិតខំប្រឹងប្រែងដដែល។ ទន្ទឹមនឹងនេះខ្ញុំបានបែងចែកកាលវិភាគសិក្សាចប្រចាំថ្ងៃរបស់ខ្ញុំ ដោយពេលព្រឹកខ្ញុំស្វ័យសិក្សាលើមុខវិជ្ជាមេរៀន ហើយពេលយប់ខ្ញុំធ្វើលំហាត់ ចំណែកពេលទំនេរខ្ញុំរៀនតាមការបង្រៀនរបស់លោកគ្រូអ្នកគ្រូតាមទូរទស្សន៍និងតាមបណ្តាញអ៊ីនធ័រណេតជាដើម។
យុវជន យីម ឃ្លោក ជាសិស្សរៀនថ្នាក់ទី១២នៃវិទ្យាល័យអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គតាសោម (ខេត្តតាកែវ) បាននិយាយថា សម្រាប់ការប្រឡងខាងមុខនេះ គេសង្ឃឹមថាខ្លួនគេនឹងប្រឡងជាប់ ព្រោះថាការរៀនត្រៀមបានច្រើនដែរ។ ចំពោះកាលវិភាគសម្រាប់រៀនត្រៀមប្រឡងបាក់ឌុបរបស់យុវជន យីម ឃ្លោក ក៏មិនខុសពីសិស្សដទៃទៀតដែរ គឺជារៀងរាល់ថ្ងៃ យុវជនរូបនេះតែងតែរៀនធ្វើលំហាត់លើវិញ្ញាសាចាស់ៗដែលធ្លាប់ចេញកន្លងមក ហើយក្រៅពីនេះក៏ចំណាយពេលមើលសៀវភៅនិងទន្ទេសមេរៀនលើមុខវិជ្ជាដូចជា ភាសាខ្មែរ ជីវវិទ្យា ប្រវត្តិវិទ្យា ជាដើម។
គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពន្យារពេលប្រឡងបាក់ឌុប ដែលនឹងប្រព្រឹត្តនៅថ្ងៃទី ២១-២២ ខែធ្នូ ឆ្នាំ២០២០ ទៅពាក់កណ្ដាលខែមករាឆ្នាំ២០២១ ដោយសារបញ្ហានៃជំងឺកូវីដ-១៩។ យ៉ាងណាមិញ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា សម្រាប់កាលបរិច្ឆេទច្បាស់លាស់ នៃការប្រឡង ក្រសួងនឹងជូនដំណឹងនៅពេលក្រោយ៕