(ហ្សឺណែវ,ស្វីស)៖ ថ្លែងចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានបកអាក្រាតសកម្មភាពឈ្លានពានរបស់យោធាថៃ ដែលបន្តកាន់កាប់ទឹកដីកម្ពុជាខុសច្បាប់ និងរារាំងពលរដ្ឋមិនឲ្យវិលទៅលំនៅដ្ឋានវិញ ដែលបណ្តាលឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រជាពលរដ្ឋស៊ីវិលកម្ពុជា។
ប្រមុខការទូតកម្ពុជា បានលើកឡើងថា ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០២៥មក ប្រតិបត្តិការយោធាថៃបានពង្រីកទៅតំបន់ព្រំដែនជាច្រើន ដែលបណ្តាលឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រជាពលរដ្ឋស៊ីវិលកម្ពុជា។ ផលវិបាកទាំងនេះ គឺជាផ្នែកមួយនៃការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ បើទោះបីជាបទឈប់បាញ់លើកទីពីរ សម្រេចបានកាលពីចុងឆ្នាំមុនចូលជាធរមានក្ដី ប៉ុន្តែបទឈប់បាញ់នេះនៅមានភាពផុយស្រួយនៅឡើយ។ ចាប់តាំងពីពេលនោះមកយោធាថៃបានបង្កើតទីតាំងយោធានៅលើទឹកដីកម្ពុជា លើសខ្សែបន្ទាត់ព្រំដែនដែលថៃទាមទារ។
រដ្ឋមន្រ្តីការបរទេសកម្ពុជា បានបញ្ជាក់ថា ក្នុងតំបន់មួយចំនួនតាមព្រំដែនដែលថៃបានកាន់កាប់ មានជនស៊ីវិលកម្ពុជាត្រូវបានបណ្តេញចេញពីផ្ទះដោយបង្ខំ ផ្ទះសម្បែងត្រូវបានបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធយោធាត្រូវបានសាងសង់ ផ្លូវចូលត្រូវបានបិទដោយលួសបន្លា និងទូកុងតឺន័រ ដែលជាការរារាំងការវិលត្រឡប់ប្រកបដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូររបស់ជនស៊ីវិល ហើយដែលបំពានលើកិច្ចព្រមព្រៀងនានារវាងប្រទេសទាំងពីរ។
លោក ប្រាក់ សុខុន បានបន្ថែមថា ប្រជាជនស៊ីវិលចំនួន ៦៥០.០០០ នាក់ ត្រូវបានផ្លាស់ទីលំនៅ ហើយជាង ៨០.០០០ នាក់ផ្សេងទៀត នៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគេវិញបាន។ សកម្មភាពទាំងនេះបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋស៊ីវិល និងបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពាក់ព័ន្ធនឹងច្បាប់អន្តរជាតិ និងច្បាប់សិទ្ធិមនុស្ស ជាពិសេសពាក់ព័ន្ធនឹងសិទ្ធិរស់រានមានជីវិត និងសុវត្ថិភាពផ្ទាល់ខ្លួន សេរីភាពក្នុងការធ្វើដំណើរ សិទ្ធិទទួលបានលំនៅដ្ឋានសមរម្យ និងសិទ្ធិក្នុងការចូលរួមក្នុងជីវិតវប្បធម៌ និងសាសនា។
រដ្ឋមន្រ្តីការបរទេសកម្ពុជា សង្កត់ធ្ងន់ថា កម្ពុជាទាមទារឱ្យភាគីថៃ គោរព និងអនុវត្តយ៉ាងពេញលេញនូវរាល់កិច្ចព្រមព្រៀងដែលមានស្រាប់ព្រមទាំងទាមទារឱ្យមានការដកកងកម្លាំងយោធាថៃ ចេញពីទឹកដីកម្ពុជា និងដោះស្រាយជម្លោះដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ៕