សុរិន្ទ៖ ហេតុការណ៍ផ្ទុះឃ្លាំងអាវុធរបស់កងវរសេនាធំនគរបាលព្រំដែនលេខ ២១ របស់ថៃបានបណ្តាលឱ្យមនុស្សម្នាក់រងរបួស និងសម្ភារៈយោធាជាច្រើនត្រូវបានរងការបំផ្លាញអស់ជាច្រើន មន្ត្រីក្នុងតំបន់បានអះអាងថាការផ្ទុះមួយបានកើតឡើងនៅឃ្លាំងគ្រាប់រំសេវមួយនៅខាងក្នុងកងវរសេនាធំនគរបាលព្រំដែនលេខ ២១ ក្នុងឃុំចាន់ៀង ស្រុកមឿង ខេត្តសុរិន្ទកាលពីយប់ថ្ងៃទី ២៤ ខែ កុម្ភៈ។ សំឡេងផ្ទុះខ្លាំងៗត្រូវបានឮ ហើយអគ្គីភ័យបានឆាបឆេះយ៉ាងខ្លាំងក្លាភ្លាមៗ មន្រ្តីជំនាញបានទៅដល់កន្លែងនិងធ្វើការសង្រ្គោះមនុស្សដែលនៅក្បែរតំបន់កើតហេតុ។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃចេញផ្សាយនៅព្រឹកនេះបានឲ្យដឹងថានៅម៉ោងប្រហែល ២៣:៣០ មន្ត្រីបានគ្រប់គ្រងស្ថានការណ៍បានភ្លើងបានទាំងស្រុង។ ទោះជាយ៉ាងណាក៏ដោយឡានពន្លត់អគ្គិសភ័យនៅតែបន្តបាញ់ដើម្បីធ្វើឱ្យតំបន់ត្រជាក់ និងការពារពីការរីករាលដាលនៃការឆាបឆេះ ដោយសារសីតុណ្ហភាពនៅតែខ្ពស់ ហើយមានហានិភ័យនៃការឆេះឡើងវិញ។
វីដេអូយន្តហោះគ្មានមនុស្សបើកបានបង្ហាញពីការខូចខាតយ៉ាងធ្ងន់ធ្ងរ ជាពិសេសឃ្លាំងគ្រាប់រំសេវដំបូងដែលរក្សាទុកគ្រាប់កាំភ្លើងត្បាល់ និងគ្រាប់ RPG ដែលត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយការផ្ទុះ។ ទោះបីជាស្ថានភាពស្ថិតនៅក្រោមការគ្រប់គ្រងក៏ដោយ អាជ្ញាធរនៅតែប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារការឆេះឡើងវិញដោយសារតែកំដៅដែលនៅសេសសល់។
ឃ្លាំងអាវុធត្រូវបានបែងចែកជាបួនតំបន់ការផ្ទុះដំបូងបានកើតឡើងនៅក្នុងតំបន់ដែលរក្សាទុកគ្រាប់កាំភ្លើងត្បាល់ គ្រាប់កាំភ្លើង RPG និងគ្រាប់រំសេវពាក់ព័ន្ធ មុនពេលរាលដាលដល់តំបន់ទី ២ ដែលជាកន្លែងផ្ទុកគ្រាប់រំសេវអាវុធតូចៗយ៉ាងច្រើន។ តំបន់ទី ៣ ដែលប្រើសម្រាប់រក្សាទុកគ្រាប់បែកដៃ និង តំបន់ទី ៤ មានគ្រឿងផ្ទុះគ្រាប់បែកធន់ធ្ងន់ TNT មិនត្រូវបានភ្លើងឆេះរីករាលដាលដល់នោះទេ។អាជ្ញាធរថៃនៅតែបន្តស្វែងរកមូលហេតុពិតប្រាកដនៃការផ្ទុះមួយនេះ៕