សៅប៉ូឡូ៖ ទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣ នាក់ និងបានធ្វើឱ្យមនុស្សរាប់សិបនាក់បាត់ខ្លួននៅក្នុងរដ្ឋ Minas Gerais។ មន្រ្តីឧតុនិយមបានព្រមានថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងមាននៅក្នុងតំបន់ Minas Gerais ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះបន្តទៀត។ ភ្លៀងធ្លាក់យ៉ាងខ្លាំងក្លាបានចាប់ផ្តើមកាលពីថ្ងៃចន្ទនៅក្នុងទីក្រុង Juiz de Fora និង Uba ចម្ងាយប្រហែល ៣១០ គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Rio de Janeiro ដោយបង្ខំឱ្យប្រជាជនប្រហែល ៤៤០ នាក់ជម្លៀសចេញពីផ្ទះរបស់ពួកគេ។
នាយកដ្ឋានពន្លត់អគ្គីភ័យក្នុងតំបន់រងគ្រោះបានអះអាងថាពេលនេះ ខ្លួនកំពុងស្វែងរកមនុស្សជិត ៤៥ នាក់ដែលបានបាត់ខ្លួនចាប់តាំងពីចុងថ្ងៃចន្ទមក មន្ត្រីបានព្រមានប្រជាពលរដ្ឋឲ្យនៅឲ្យឆ្ងាយពីតំបន់ដែលអាចងាយនឹងមានការរអិលបាក់ដីនិងតាមដានដំណឹងពីមន្រ្តីជំនាញពាក់ព័ន្ធ។
ប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva បានចេញបញ្ជាឲ្យកង កម្លាំងសន្តិសុខធ្វើការសង្គ្រោះ និងផ្តល់ជំនួយជាបន្ទាន់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយភ្លៀង និងការរអិលបាក់ដី។ លោកអំពាវនាវឲ្យប្រជាពលរដ្ឋដែលរស់នៅកន្លែងរកគ្រោះត្រូវតែរក្សាការប្រុងប្រយ័ត្ន និងស្វែងរកកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ន៕