កំពង់ស្ពឺ៖ ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ បានប្រកាសពីរបកគម្នេញថ្មី គឺតុកកែខ្លួនបង្កង់ប្រភេទថ្មីមួយនៅឧទ្យានជាតិគិរីរម្យនៃប្រទេសកម្ពុជា។ តុកកែប្រភេទថ្មីនេះត្រូវបានពិពណ៌នាដាក់ឈ្មោះថាជា “តុកកែខ្លួនបង្កង់គិរីរម្យ” ដោយមានឈ្មោះជាវិទ្យាសាស្ត្រ ថា Cyrtodactylus kiriromensis ។
ប្រភេទសត្វនេះត្រូវបានជួបប្រទះជាលើកដំបូងដោយលោក បណ្ឌិត Stuart ក្នុងកំឡុងពេលបេសកម្មដំបូងមក ប្រទេសកម្ពុជាក្រោមការឧបត្ថម្ភរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) កាលពីជាងពីរទសវត្សរ៍មុន ប៉ុន្តែមិនអាចពិពណ៌នាជាផ្លូវការនៅពេលនោះទេ ដោយសារមានភាពស្មុគស្មាញនៃពិន្ទុ (DNA)។
តុកកែខ្លួនបង្កង់ គិរីរម្យ ស្ថិតនៅក្នុងក្រុមមួយនៃតុកកែជើងកោង (Bent-toed gecko) ដែលគេធ្លាប់តែចាត់ទុកថាវាតំណាង ឱ្យ ប្រភេទតុកកែតែមួយប្រភេទដែលកំពុងមានវត្តមានគ្រប់ទីកន្លែង។ ចាប់តាំងពីពេលនោះមកការស្រាវជ្រាវត្រូវ បានបន្ត ហើយបន្ទាប់មកបានបង្ហាញឱ្យឃើញថាក្រុមនេះមានច្រើនប្រភេទខុសៗគ្នាទៅតាមទីកន្លែងដាច់ដោយ ឡែកពីគ្នានៅទូទាំងតំបន់ជួរភ្នំក្រវាញ។
ថ្មីៗនេះភាពជឿនលឿនក្នុងការស្រាវជ្រាវផ្នែកពិន្ទុ ប្រភេទសត្វដែលមានលក្ខណៈស្រដៀងៗគ្នាអាចឱ្យគេញែកអត្តសញ្ញាណតុកកែខ្លួនបង្កង់គិរីរម្យចេញពីផ្អែកលើលក្ខណៈប្រព័ន្ធអេកូឡូស៊ី។ ប្រភេទថ្មីនេះត្រូវបានគេសង្កេតឃើញវារស់នៅ និងរកចំណីរនៅពេលយប់ តាមដើមឈើទាបៗ គល់ឈើ លើផ្ទាំងថ្មក្បែរអូរ និងតាមគន្លងផ្លូវព្រៃជាច្រើនក្នុងព្រៃពាក់កណ្តាលស្រោង។
ឈ្មោះសត្វត្រូវបានដាក់ភ្ជាប់ទៅនឹងឈ្មោះឧទ្យានជាតិគិរីរម្យ ដែលជាតំបន់ការពារមួយមានទីតាំងក្នុងខេត្ត កំពង់ស្ពឺ ដែលគ្របដណ្តប់ ដោយព្រៃស្រល់ ព្រៃពាក់កណ្តាលស្រោង និងព្រៃស្រោង ដែលលាយឡំជាមួយដើម ឬស្សី។ ឧទ្យានជាតិគិរីរម្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងជាគោលដៅដ៏ពេញនិយមមួយ សម្រាប់ភ្ញៀវទេសចរធ្វើដំណើរកម្សាន្ត៕