ភ្នំពេញ៖ អ្នកជំងឺកូវីដស្រ្តីជនជាតិខ្មែរម្នាក់ និងបុរសជនជាតិខ្មែរ-អាមេរិកម្នាក់ បានទទួលការព្យាបាលជាសះស្បើយ បន្ទាប់ពីការធ្វើតេស្តអវិជ្ជមានកូវីដ១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ព្រឹកម៉ោង៧ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា មានអ្នកជាសះស្បើយកូវីដ១៩ ចំនួន០២នាក់ ដែលក្នុងនោះមានស្ត្រីជនជាតិខ្មែរម្នាក់អាយុ ៣៥ឆ្នាំ និងបុរសជនជាតិខ្មែរ-អាមេរិកម្នាក់ អាយុ ៤៩ឆ្នាំ។
ក្នុងនោះដែរ អ្នកជាសះស្បើយទាំងពីរនាក់នេះ មានម្នាក់ជាអ្នកដំណើរតាមជើងហោះហើររមកពីប្រទេសចិនដល់កម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ និងម្នាក់ទៀតជាអ្នកធ្វើដំណើរមកពីអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន(តៃវ៉ាន់) មកដល់កម្ពុជានៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ ដែលបច្ចុប្បន្នក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ បន្ទាប់ពីការធ្វើតេស្តអវិជ្ជមានកូវីដចំនួនពីរលើករួចមក។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៣៥៩នាក់ ក្នុងនោះមានចំនួនអ្នកឆ្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា សរុបចំនួន ៤០នាក់ អ្នកព្យាបាលជាសះស្បើយចំនួន ៣០៩នាក់។ ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបច្ចុប្បន្ននេះមានចំនួន ៥០នាក់ ក្នុងនោះមានជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ៣៤នាក់(ស្រី ១៣នាក់) មជ្ឈមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ០៩នាក់ (ស្រី០៤នាក់) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន ចំនួន ០៧នាក់ (ស្រី០៣នាក់)៕

