681 ezgif.com resize
Swift cc time

ក្រសួងការពារជាតិកម្ពុជា ទាត់ចោលការចោទរបស់យោធាថៃថា យោធាកម្ពុជាបាញ់លើយោធាថៃ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី ២៤ កុម្ភៈនេះ បានប្រកាសបដិសេធចោលយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់របស់ប្រព័ន្ធផ្សព្វផ្សាយថៃដែលថា យោធាកម្ពុជាបាញ់លើយោធាថៃ។ក្រសួងអំពាវនាវឱ្យភាគីថៃ បញ្ឈប់ការចុះផ្សាយព័ត៌មានមិនពិត ដែលអាចបង្កឱ្យមានការយល់ច្រឡំ និងការកើនឡើងនូវភាពតានតឹង។

ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា  អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ព័ត៌មានទទួលបានពីយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា បន្ទាប់ពីឮសម្លេងផ្ទុះ និងសម្លេងបាញ់កាំភ្លើងនៅខាងភាគីថៃ ក្រុមទំនាក់ទំនងរបស់យោធភូមិភាគទី៤របស់កម្ពុជា និង កងទ័ពភូមិភាគទី២របស់ថៃ បានទាក់ទងសាកសួរ និង ផ្តល់ព័ត៌មានគ្នាទៅលើករណីនេះរួចរាល់ហើយ និង បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់កងទ័ពភូមិភាគទី២ថៃថា កងកម្លាំងរបស់កម្ពុជាមិនបានបាញ់ដូចការចោទប្រកាន់នោះទេ។

ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និង កិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ជាពិសេសការប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។

ក្រសួងការពារជាតិ ស្នើសុំកុំចែករំលែកនូវព័ត៌មានក្លែងក្លាយដែលបានផ្សព្វផ្សាយដោយសារព័ត៌មានថៃខាងលើ ដោយតាមដាន និងទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ និងជឿទុកចិត្តបាន ជាពិសេសការផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង និងអង្គភាពពាក់ព័ន្ធរបស់កម្ពុជា៕

Khcct banner

អត្ថបទទាក់ទង