681 ezgif.com resize
Swift cc time

ឧស្សាហកម្ម«ដ្រូន»ចិនកាន់កាប់ទីផ្សារពិភពលោកជាង ៧០ ភាគរយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ ខេត្តក្វាងទុង ដែលជាមជ្ឈមណ្ឌលខ្សែចង្វាក់ផលិតកម្មដ៏ធំរបស់ប្រទេសចិន បានជំរុញសេដ្ឋកិច្ចចិនឱ្យហក់ឡើងខ្ពស់ដោយក្នុងនោះឧស្សាហកម្មដ្រូនរបស់ចិនក្នុងចង្កោមក្រុមហ៊ុនឯកទេសចំនួន ១៥,០០០គ្រប់គ្រងទីផ្សារពិភពលោក ជាង៧០% ដែលកំពុងក្លាយជាក្បាលម៉ាស៊ីនសំខាន់ក្នុងវិស័យបច្ចេកវិទ្យាដ្រូន ដោយផលិតនូវដ្រូនប្រើប្រាស់ទូទៅរហូតដល់ ៩៥% និងដ្រូនបម្រើឱ្យវិស័យឧស្សាហកម្មជាងពាក់កណ្តាលនៃផលិតកម្មសរុបក្នុងប្រទេសចិន និងការលក់ចេញទៅខាងក្រៅស្រុកជាដើម។

ផ្អែកតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថាក្រោមផែនការអភិវឌ្ឍន៍ជាតិចិន ឆ្នាំ២០២៦-២០៣០ ខេត្តនេះបានប្រែក្លាយខ្លួនទៅជា «មន្ទីរពិសោធន៍រស់» សម្រាប់ការច្នៃប្រឌិតថ្មីៗ ដែលមានក្រុមហ៊ុនជំនាញជាង ១៥,០០០ ក្រុមហ៊ុន កំពុងប្រតិបត្តិការ។ បច្ចុប្បន្ន ដ្រូនមិនត្រឹមតែប្រើសម្រាប់ដឹកជញ្ជូនទំនិញឆ្លងកាត់ទីក្រុងនានារបស់ចិនរួមមានតំបន់ សិនជិន ចុងសាន និងជូហៃ ដើម្បីកាត់បន្ថយពេលវេលាប៉ុណ្ណោះទេ វាក៏កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការសង្គ្រោះបន្ទាន់ ការពន្លត់អគ្គីភ័យ ការសង្គ្រោះតាមសមុទ្រ និងវិស័យកសិកម្មផងដែរ។

លោក Li Xiaoliang អគ្គនាយករបស់ក្រុមហ៊ុន United Aircraft មានមូលដ្ឋានក្រុងសិនជិនបានពន្យល់ថា ភាពជឿជាក់នៃប្រព័ន្ធបញ្ជាហោះហើរ និងបច្ចេកវិទ្យា AI ដ៏ទំនើបរបស់ចិន គឺជាគន្លឹះដែលធ្វើឱ្យផលិតផលដ្រូនទាំងនេះមានតម្រូវការហក់ឡើងខ្ពស់នៅលើទីផ្សារអន្តរជាតិ ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមជ្ឈិមបូព៌ា។

លោកបានបន្ថែមថា ការរួមបញ្ចូលគ្នារវាងប្រព័ន្ធផ្កាយរណប BeiDou និងសមត្ថភាពស្វ័យប្រវត្តិក្នុងការគេចចេញពីឧបសគ្គនាៗ បានធ្វើឱ្យដ្រូនចិនក្លាយជាជម្រើសទីមួយសម្រាប់វិស័យកសិកម្ម និងឧស្សាហកម្ម ដែលជម្រុញឱ្យចិនអាចគ្រប់គ្រងចំណែកទីផ្សារដ្រូនពិភពលោករហូតដល់ទៅជាង ៧០% នាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ថា តំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ (Greater Bay Area) កំពុងក្លាយជាគំរូសកលសម្រាប់ការតភ្ជាប់ប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូន និងចែកចាយទំនិញតាមផ្លូវអាកាសកម្ពស់ទាប ដែលជាក្បាលម៉ាស៊ីនថ្មីក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិចិន៕

Khcct banner

អត្ថបទទាក់ទង