ភ្នំពេញ៖ គិតត្រឹមម៉ោង៧ព្រឹក នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន០២នាក់ទៀតហើយ ដែលសុទ្ធតែជាអ្នកដំណើរមកពីប្រទេសក្រៅ និងមិនមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងជាសហគមន៍ថ្មី២៨វិច្ឆិកានោះទេ។
យោងតាមក្រសួងសុខាភិបាលបានថ្លែងថា ការរកឃើញករណីវិជ្ជមានថ្មី ០២នាក់ទៀត សុទ្ធតែជាអ្នកធ្វើដំណើរមកពីបរទេស មិនមែនជាករណីឆ្លងក្នុងសហគមន៍ទេ។ ម្នាក់ជាបុរសជនជាតិហ៊្សកដានី អាយុ ៤៧ឆ្នាំ មកពីប្រទេសហ៊្សកដានី បន្តជើងហោះហើរប្រទេសកូរ៉េខាងត្បូងមកកម្ពុជានៅថ្ងៃទី១០ធ្នូ។ បន្ទាប់មកបុរសរូបនោះមកស្នាក់នៅសណ្ឋាគារមួយនៅភ្នំពេញ លទ្ធផលធ្វើតេស្តលើវត្ថុសំណាកបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈនៃក្រសួងសុខាភិបាល បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន និងម្នាក់ទៀតជាបុរសជនជាតិខ្មែរ អាយុ ៣២ឆ្នាំ មកពីប្រទេសម៉ាលី ដែលបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូងមកកម្ពុជានៅថ្ងៃទី១១ធ្នូ។ បន្ទាប់ពីមកស្នាក់នៅសណ្ឋាគារមួយនៅភ្នំពេញ លទ្ធផលធ្វើតេស្តលើវត្ថុសំណាកបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយបច្ចុប្បន្នអ្នកជំងឺរូបនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន។
សូមជម្រាបជូនថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៣៥៩នាក់ ក្នុងនោះមានចំនួនអ្នកឆ្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា សរុបចំនួន ៤០នាក់ អ្នកព្យាបាលជាសះស្បើយចំនួន ៣០៧នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៥២នាក់។

