ពោធិសាត់៖ អតីតយុទ្ធជន និង និវត្តជន ស្ថិតនៅក្នុងភូមិ ប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ នឹងទទួលបានការគាំទ្រដោយក្នុងមួយគ្រួសារនឹងទទួលបានជ្រូកកណ្តុរចំនួន ២៤ក្បាល ក្នុងនោះ ជ្រូកមេចំនួន ២០ក្បាល និងជ្រូកបា៤ក្បាល។គម្រោងនេះ គឺដើម្បីង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលបន្ថែមជូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍។
គម្រោងចិញ្ចឹមជ្រូកកណ្ដុរនៅ ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង គឺជាគំនិតផ្តួចផ្តើម របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សហការជាមួយ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង ក្រុមហ៊ុនឯកជន ដើម្បីលើកកម្ពស់ជីវភាពគ្រួសារអតីតយុទ្ធជន និងនិវត្តជន ជំរុញការអភិវឌ្ឍ បង្កើតឱកាសការងារ និងប ង្កើនប្រាក់ចំណូលបន្ថែមជូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍។
យោងតាមសមាគមអតីតយុទ្ធជន បានគូសបញ្ជាក់ថា គម្រោងនេះ គ្រោងប្រើប្រាស់ផ្ទៃដីជាង ១០០ ហិកតា សម្រាប់រៀបចំជាកសិដ្ឋានចិញ្ចឹមសត្វ និង ដំណាំកសិកម្មចម្រុះដែលជាផ្នែកមួយនៃការអភិវឌ្ឍវិស័យចិញ្ចឹមសត្វនៅក្នុងតំបន់ ដោយផ្តល់ពូជជ្រូកជូនក្នុង ១គ្រួសារ ពី ២០ ទៅ ៥០ក្បាល។
ក្នុងពិធីចុះសំណេះសំណាល ពិនិត្យការសាងសង់ទ្រុងជ្រូក និងការចិញ្ចឹមជ្រូកកណ្តុរលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអះអាងថា គម្រោងចិញ្ចឹមជ្រូកកណ្តុរនេះ គឺជាគម្រោងមួយដ៏ល្អ ដែលនឹងជួយជំរុញជីវភាពគ្រួសារបងប្អូនអតីតយុទ្ធជន និង និវត្តជនក្នុង ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងនេះកាន់តែរីកចម្រើនទៅមុខ តាមគម្រោងក្នុងមួយគ្រួសារនឹងទទួលបានជ្រូកកណ្តុរចំនួន ២៤ក្បាល ក្នុងនោះ ជ្រូកមេចំនួន ២០ក្បាល និង ជ្រូកបា៤ក្បាល។
បើតាមលោកបណ្ឌិត កៅ ថាច ក្នុងគម្រោងនេះ គឺការរៀបចំទ្រុង ផ្តល់ជូនពូជជ្រូក រកទីផ្សារ បច្ចេកទេសចិញ្ចឹម ហើយពេលទទួលបានជ្រូកទៅចិញ្ចឹមហើយ លោកស្នើសុំ ខំប្រឹងចិញ្ចឹមដោយយកចិត្តទុកដាក់ ថែទាំតាមអ្នកបច្ចេកទេសបានបង្រៀន និងត្រូវខិតខំដាំដំណាំដែលជាចំណីជ្រូកបន្ថែមដើម្បីកាត់បន្ថយការចំណាយថ្លៃដើម។
គិតត្រឹមថ្ងៃនេះ គម្រោងចិញ្ចឹមជ្រូកកណ្តុរបានជ្រើសរើសគ្រួសារអតីតយុទ្ធជន និងនិវត្តជនដែលរស់នៅក្នុងភូមិ ប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង នេះចំនួន ៩៥គ្រួសារ ក្នុងគម្រោង ១០០គ្រួសារសម្រាប់ការផ្តល់ជ្រូកយកទៅចិញ្ចឹម។នេះបើយោងតាមរបាយការណ៍ពី អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា។លោកថា ដំណាក់កាលដំបូងនេះគឺបានរៀបចំទ្រុងជ្រូក និង ផ្តល់ពូជជ្រូកជូន ៥គ្រួសារដែលដីមានអំណោយផល និង មានដំណាំស្រាប់ ហើយនឹងបន្តសាងសង់ទ្រុង និងផ្តល់ពូជជ្រូកជូនដល់គ្រួសារផ្សេងៗជាបន្តបន្ទាប់ ដោយគ្រោងនឹងបញ្ចប់នាពេលខាងមុខឆាប់ៗនេះ៕