ភ្នំពេញ៖ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី ២៣ កុម្ភៈ បានដឹកនាំគណៈប្រតិភូ អង្គទូតនិងអង្គការអន្តរជាតិប្រមាណ២១ទៅទស្សនកិច្ចទីតាំងនានា ដែលក្រុមយោធាថៃឈ្លានពានដែនអធិបតេយ្យជាតិកម្ពុជា ក្រោយបទឈប់បាញ់ចូលជាធរមាន។ក្នុងដំណើរទស្សនកិច្ចនោះ តំណាងទូតជប៉ុន អង់គ្លេស និង ហ្វីលីពីន បានសម្តែងមតិផ្សេងៗគ្នាក្រោយដំណើរទស្សនកិច្ចចប់ និងប្តេជ្ញាខិតខំប្រឹងប្រែងផ្នែកការទូតជំរុញឱ្យមានការគោរពឈប់បាញ់កម្ពុជា-ថៃមួយដោយពិតប្រាកដ។
ក្រោយបញ្ចប់ដំណើរទស្សនកិច្ច ទស្សនកិច្ចនេះ ឯកអគ្គរាជទូតអង់គ្លេស លោក Dominic Williams បានបង្ហោះសារ បង្ហាញពីអារម្មណ៍អាណិតអាសូរ ចំពោះប្រជាជនសាមញ្ញដែលរងផលប៉ះពាល់។លោកថា ចក្រភពអង់គ្លេសនឹងបន្តអំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិវិធីនៅតាមព្រំដែន ដែលលោកចាត់ទុកថា គឺជាមធ្យោបាយប្រកបដោយនិរន្តរភាពតែមួយគត់សម្រាប់សហគមន៍នៅក្នុងប្រទេសទាំងពីរ ដើម្បីកសាងផ្ទះសម្បែង និងជីវភាពរស់នៅរបស់ពួកគាត់ឡើងវិញ។
ចំណែកទីប្រឹក្សាអមស្ថានទូតជប៉ុន Matsuda Junsaku បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ពីគោលជំហររបស់ជប៉ុន បន្តខិតខំប្រឹងប្រែងទៅតាមវិធានការផ្សេងៗ រួមទាំងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានៃកិច្ចព្រមព្រៀងបទឈប់បាញ់ និង បន្ថយភាពតានតឹង ដោយសហការជាមួយបណ្តាប្រទេសពាក់ព័ន្ធនានា រួមមានសហរដ្ឋអាម៉េរិក បណ្តាប្រទេសអាស៊ាន ហើយនឹងបន្តផ្តល់ជំនួយក្នុងទម្រង់ផ្សេងៗ។
បើតាមលោក Matsuda Junsaku នៅឆ្នាំនេះ ប្រធានអាស៊ានគឺហ្វីលីពីន ដូច្នេះជប៉ុនចង់បន្តពិភាក្សាជាមួយនឹងហ្វីលីពីននិង សមាជិកអាស៊ានដទៃទៀតសម្រាប់AOT ពីព្រោះជប៉ុនជឿជាក់ថា AOT មានតួនាទីសំខាន់ ក្នុងការដោះស្រាយបញ្ហានេះ។ចំពោះការបន្ធូរបន្ថយភាពតានតឹងវិញ គឺជប៉ុនរក្សាការសន្ទនាជាមួយកម្ពុជា និងថៃ ដើម្បីឲ្យបន្ធូរបន្ថយការតានតឹង។
រីឯលោកស្រី Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ានបានថ្លែងប្រាប់អ្នកសារព័ត៌មាន ពីការចាប់ផ្តើមដំណើរការពិភាក្សាគ្នាជាមួយនឹងប្រទេសទាំងពីរដោយឈរលើទស្សនៈថានឹងពង្រឹងសមត្ថភាពរបស់ AOT ដើម្បីជួយរក្សាបទឈប់បាញ់គ្នា។លោកស្រីថា អគ្គមេបញ្ជាការនៃកងទ័ពហ្វីលីពីន បានមកធ្វើទស្សនកិច្ចនៅទីនេះកាលពីពេលថ្មីៗនេះ ហើយនោះគឺជាផ្នែកមួយនៃដំណើរការពិភាក្សា ប្រមូលមតិពីភាគីទាំងពីរ ដើម្បីរៀបចំលក្ខខណ្ឌយោងសម្រាប់ក្រុម AOT ឲ្យកាន់តែមានប្រសិទ្ធភាព។
លោកស្រី Flerida Ann Camille P. Mayo បានសង្កត់ធ្ងន់ថា ក្នុងនាមជាក្រុមគ្រួសារអាស៊ាន យើងសង្ឃឹមថានឹងមានដំណោះស្រាយប្រកបដោយសន្តិវិធីចំពោះបញ្ហាព្រំដែន»៕