ភ្នំពេញ៖ ក្នុងរយៈពេល៣ថ្ងៃ ពោលគិតចាប់ពីថ្ងៃទី ២១-២៣ ខែកុម្ភៈ ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជា បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេស ចំនួន ១,០៩០នាក់ ក្នុងនោះ មានស្ត្រី ១៣៥នាក់ មកពី១៧សញ្ជាតិ រួមមានចិន ឥណ្ឌា ប៉ាគីស្ថាន ឥណ្ឌូនេស៊ី កេនយ៉ា ប្រេស៊ីល បង់ក្លាដេស នេប៉ាល់ ចិនតៃវ៉ាន់ លីបេរីយ៉ា កាមេរូន យ៉ូហ្គង់ដា សេរ៉ាឡេអូន ម៉ាឡេស៊ី ហ្គាណា នីហ្សេរីយ៉ា និងមីយ៉ាន់ម៉ាចេញពីកម្ពុជា តាមរយៈយន្តហោះពិសេស។
ក្នុងនោះ ២សញ្ជាតិ មានជនជាតចិន ចំនួន ៤៩៤នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ(Online Scams) និងជនជាតិមីយ៉ាន់ម៉ា ចំនួន ១៦៨នាក់ និងមួយចំនួនទៀត ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ។ ជនបរទេសទាំងអស់នេះ ពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕