681 ezgif.com resize
Swift cc time

ត្រឹម២២ថ្ងៃ នៃខែកុម្ភៈ គ្រោះអគ្គិភ័យកើតឡើងជាង៨០ករណី ទូទាំងប្រទេស

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ រយៈពេល២២ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យកើតឡើងចំនួន៨៦ករណី។ បើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ គ្រោះអគ្គិភ័យទាំងនោះ បានបណ្ដាលឱ្យឆេះផ្ទះសំបែងប្រជាពលរដ្ឋ៧២ខ្នង តូប១ខ្នង ឃ្លាំង១០ខ្នង កុដិ៨ខ្នង បន្ទប់១ខ្នង និងអគារស្នាក់នៅ១ខ្នង។

បើតាមរបាយការណ៍ គ្រោះអគ្គិភ័យក៏បណ្ដាលឱ្យឆេះអាហារដ្ឋាន១ខ្នង ព្រៃ៦កន្លែង រោង១ខ្នង រោងចិញ្ចឹមសត្វ១កន្លែង រោងចម្ការ១កន្លែង ប្រអប់ភ្លើង១កន្លែង ដេប៉ូលក់ឈើ១កន្លែង គំនរកង់ឡាន១កន្លែង គំនរអេតចាយ១កន្លែង គំនរសុយោទឹក១កន្លែង ឡសម្ងួតធ្យូង១កន្លែង រថយន្ត១គ្រឿង ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត។

បើតាមប្រភពដដែល ករណីអគ្គិភ័យទាំងនោះ កើតឡើងនៅក្នុងមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពត តាកែវ ស្វាយរៀង កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ក្រចេះ ស្ទឹងត្រែង ព្រៃវែង ត្បូងឃ្មុំ ព្រះវិហារ ព្រះសីហនុ កោះកុង សៀមរាប និងខេត្តបន្ទាយមានជ័យ។

អាជ្ញាធរ បានណែនាំឱ្យប្រជាពលរដ្ឋចេះប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យ ទាំងបុរាណ និងសម័យ ដូចជាបំពង់ពន្លត់អគ្គិភ័យគ្រប់ប្រភេទ និងបែបបុរាណមានធុងទឹក បាវខ្សាច់ ប៉ែល ត្រសេះ ឬកំណត់ចាស់ៗ ដើម្បីត្រៀមលក្ខណៈទុកជាមុននៅពេលដែលមានអគ្គិភ័យកើតមានឡើង។ ជាពិសេសក៏បានណែនាំឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការតបណ្ដាញអគ្គិសនី ដោយស្របតាមបទដ្ឋានបច្ចេកទេស សុវត្ថិភាព និង ប្រសិនបើមានករណីអគ្គិភ័យកើតឡើង សូមទាក់ទងទៅកាន់លេខ១១៨ ឬឆានែលអនឡាញ តេឡេក្រាម ១១៨ ដើម្បីស្នើសុំការអន្តរាគមន៍ពីកម្លាំងជំនាញ។

គួររម្លឹកថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៥ មានគ្រោះអគ្គិភ័យកើតឡើងជាង៧០០លើក បណ្តាលឱ្យមនុស្សស្លាប់-របួសជាង៧០នាក់ បំផ្លាញផ្ទះសំបែងប្រជាពលរដ្ឋជាង៦៧០ខ្នង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត៕

Khcct banner

អត្ថបទទាក់ទង