681 ezgif.com resize
Swift cc time

ក្រសួងបរិស្ថាន ថ្កោលទោសចំពោះបុគ្គលដែលបានគប់គិតគ្នាធ្វើសកម្មភាពចាក់ដី និងទន្ទ្រានដីព្រៃកោងកាង ក្នុងតំបន់ការពារធម្មជាតិខេត្តកោះកុង យកជាកម្មសិទ្ធិផ្ទាល់ខ្លួន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កោះកុង៖ ក្រសួងបរិស្ថាន នៅថ្ងៃទី២៣កុម្ភៈបានប្រកាសថ្កោលទោសចំពោះបុគ្គលដែលបានគប់គិតគ្នាធ្វើសកម្មភាពចាក់ដីនិង ទន្ទ្រានដីព្រៃកោងកាងយកជាកម្មសិទ្ធិ ក្នុងភូមិតាបែន ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ស្ថិតនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ដែលជាតំបន់ការពារធម្មជាតិ និងជាទ្រព្យសម្បត្តិរបស់រដ្ឋ ហើយ សកម្មភាពនេះជាអំពើខុសច្បាប់។

បើតាមក្រសួងបានបញ្ជាក់ថា ការគប់គិតគ្នាធ្វើសកម្មភាពចាក់ដី និងទន្ទ្រានដីព្រៃកោងកាងយកជាកម្មសិទ្ធិ ដោយពុំមានការ អនុញ្ញាត ពីរាជរដ្ឋាភិបាលត្រូវបានចាត់ទុកថាជាបទល្មើសធនធានធម្មជាតិថ្នាក់ទី២ដែលត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារពី ១(មួយ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ១០០ ០០០ ០០០(មួយរយលាន)រៀល ទៅ ៥០០០០០០០០(ប្រាំរយលាន)រៀល ចំពោះបុគ្គលដែលប្រព្រឹត្តសកម្មភាពល្មើសនឹងចំណុច ដ ន មាត្រា៨៥០ និងជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥(ប្រាំ)ឆ្នាំ ទៅ ១០(ដប់)ឆ្នាំ ចំពោះបុគ្គលដែលប្រព្រឹត្តសកម្មភាពល្មើសនឹងចំណុច ច នៃមាត្រា៨៥១។

យោងតាមមាត្រា៣៨៤ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រង់ចំណុច គ បានបញ្ញត្តិថា ការកាប់ ផ្តួល រំលំ គៀវ កាប់បំផ្លាញដើមឈើ បំពុល ឬគាស់រម្លើងគល់ឈើ និងត្រង់ចំណុច ឍ បានបញ្ញត្តិថា ការចាក់លុប ឬចាក់បំពេញដី ដែនទឹក ផ្ទៃរងទឹកភ្លៀង ផ្លូវទឹក បឹងធម្មជាតិ ដីសើម តំបន់ទំនាប ទឹកផុសក្រោមដី ឬ អាងទឹក ដោយគ្មានការអនុញ្ញាត ត្រូវបានហាមឃាត់ក្នុងតំបន់ការពារធម្មជាតិ។

មាត្រា៣៨៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ បានបញ្ញត្តិថា បុគ្គលពុំមានសិទ្ធិផ្តល់ការអនុញ្ញាត ទោះដោយផ្ទាល់ក្តីឬដោយប្រយោលក្តីឱ្យរានដីព្រៃ កាន់កាប់ដី កាប់ដើមឈើ ចាប់សត្វព្រៃគ្រប់ប្រភេទ ឬ ធ្វើសកម្មភាពគ្រប់យ៉ាង ដើម្បីប្រមូលផល អនុផលធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ ដែលផ្ទុយ នឹងបទប្បញ្ញត្តិនៃក្រមនេះ។

ជាថ្មីម្តងទៀត ក្រសួងបរិស្ថាន ប្រកាសថ្កោលទោស និងធ្វើការអនុវត្តច្បាប់ចំពោះជនដែលប្រព្រឹត្ត បទល្មើសធនធានធម្មជាតិ គប់គិតគ្នាធ្វើសកម្មភាពចាក់ដី និងទន្ទ្រានដីព្រៃក្នុងតំបន់ការពារធម្មជាតិ ដោយ គ្មានការអនុញ្ញាត៕


Khcct banner

អត្ថបទទាក់ទង